អភិបាលខេត្តកំពង់ធំដឹកនាំគណៈប្រតិភូខេត្តជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានីសេអ៊ូល

ភ្នំពេញ៖ខណៈកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹក​នាំគណៈប្រតិភូ​ខេត្ត​កំពង់ធំ ជួបពិភាក្សាការងារជាមួយឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាលាក្រុងសេអ៊ូល កាលពីទី៦ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងជំនួបនោះ ឯកឧត្តម នួន ផារ័ត្ន បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអភិបាលរដ្ឋធានី​សេអ៊ូល។

ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាព​ដូចគ្នានៃភូមិសាស្ត្រ​រដ្ឋធានី និងខេត្ត​ទាំងពីរ ដែលមានទន្លេហាន និងស្ទឹងសែន ឆ្លងកាត់ និងដែលផ្តល់ផល​យ៉ាងល្អប្រសើរ​ដល់ការរស់នៅ​របស់ប្រជាពលរដ្ឋ ហើយក្នុងនោះ រដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហាន បានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនេះអភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទ​ពិសោធន៍​ដ៏ល្អរបស់​រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជា ពិសេសនៅតាមដង​ស្ទឹងសែន របស់ខេត្តកំពង់ធំផ​ងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាន​អញ្ជើញ ឯកឧត្តម អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល មក​បំពេញ​ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំ​អាហារូបករណ៍​ជូនមន្ត្រីរាជការខេត្តកំពង់ធំ មកសិក្សានៅ​សាកលវិទ្យាល័យសេអ៊ូល ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយរបស់រដ្ឋធានីសេអ៊ូល។

ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល បានឆ្លើយតបជាវិជ្ជមានលើការ​លើក​ឡើងរបស់រដ្ឋបាលខេត្តកំពង់ធំ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner