ទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅខេត្តសៀមរាប
នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ២០១៩ មាន ប្រារព្វធ្វើទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ។
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញនិន្នន័យ ក្នុងការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តសៀមរាប រយៈពេល៤ខែ រវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ឃើញថា ឆ្នាំ២០១៩នេះមានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៨ ករណី បណ្តាលឲ្យស្លាប់មនុស្ស ២៦នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ១៤នាក់ គឺមិនថយចុះឡើយ ។
លោក ពិន ប្រាកដ បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះឡើង គឺជាការបន្លឺស្នូជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និង បើកបរយានយន្ត ។ លោក បានបញ្ជាក់ថា ប្រទេសស្ថិតនៅក្រោមដំបូល សុខសន្តិភាពពេញលេញ បានធ្វើឲ្យជីវភាព និង កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងមានលទ្ធភាព ក្នុងប្រើប្រាស់មធ្យោបាយធ្វើដំណើរកាន់តែមានការកើនឡើងឥតគណនា ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលជាហានីភ័យនៃការ កើតនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាបីយ៉ាង គឺកត្តាមនុស្ស ,កត្តាសម្ភារៈមធ្យោបាយ និង ផ្លូវថ្នល់ ។ លោកបានបន្តទៀតថា ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩នេះ ដើមី្បចូលរួមជាមួយអង្គការសហប្រជាជាតិ ប្រារព្វទិវាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី១២នេះ គឺសំដៅក្រើនរំលឹក ពញាក់អារម្មណ៍ដល់ជនរួមជាតិគ្រប់រូប ត្រូវបង្កើនការយកចិត្តទុកដាក់ ខ្ពស់ ក្នុងការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ដើមី្បចៀសវាងឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុ ផងដែរ ។ លោកក៏បានបន្តទៀតថា ដើមី្បរួមគ្នាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង កាត់បន្ថយទុក្ខសោក និង ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឲ្យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០% នៅក្នុងឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអានុសាសន៍ និង អំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ) ៕ សុខា រិទ្ធ