អាជ្ញាធរខេត្តព្រះវិហារ ចាប់ឆ្នោតបែងចែកដីឡូតិ៍ ជាអំណោយសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ១៨០គ្រួសារ ដើម្បីបញ្ចប់ទំនាស់ដីធ្លីតំបន់ស្វាយជ្រុំ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំពិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ ជូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារ ដើម្បីបញ្ចប់ទំនាស់ទាំងស្រុង ដីតំបន់ស្វាយជ្រុំ ក្នុងតំបន់អភិរក្ស ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ពិធីនេះ ស្ថិតក្រោមវត្តមានឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការ មេបញ្ជាការង កងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូបទៀត។

អភិបាលខេត្តឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងទិសដៅលើកកម្ពស់ជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋយើង ឲ្យប្រសើរឡើង។ ជាមួយគ្នានោះ សម្តេចបានដោះស្រាយគោលនយោបាយដីធ្លី ជូនប្រជាពលរដ្ឋដែលខ្វះខាតដី សម្រាប់សាងសង់លំនៅដ្ឋានពិតប្រាកដ។

ឯកឧត្តមបន្តថា ជាក់ស្តែងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដីលំនៅដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានរស់នៅសមស្រប ប្រសើរជាងបងប្អូនរស់នៅលើដី ដែលស្ថិតក្នុងតំបន់ហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់តំបន់អភិរក្សប្រាសាទព្រះវិហារ។ បន្ថែមពីនោះ ឯកឧត្តមក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវមានការជឿជាក់ មកលើការដឹកនាំគ្រប់លំដាប់ថ្នាក់របស់អាជ្ញាធរ ដោយមិនត្រូវជឿតាមការញុះញ៉ុង របស់ជនអគតិមួយចំនួននោះទេ។

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានជំរុញឲ្យបងប្អូនយើង ដែលទទួលបានដីក្នុងថ្ងៃនេះ ត្រូវប្រញាប់ប្រញាល មកកាប់រុករានធ្វើផ្ទះសម្បែងស្នាក់នៅ ឲ្យបានគ្រប់ៗគ្នា។ ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវធ្វើប័ណ្ណកម្មសិទ្ធជូនគាត់ឲ្យបានត្រឹមត្រូវ សម្រាប់គាត់យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់។

យោងតាមការឲ្យដឹងពីលោក សំ សារឿន ប្រធានមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារ បានឲ្យដឹងថា ដីដែលធ្វើការបែងចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺមានទំហំ២៥×៥០ម៉ែត្រ។ ចំពោះនិតិវិធី នៃការប្រគល់ដីជូនប្រជាពលរដ្ឋ គឺត្រូវធ្វើការចាប់ឆ្នោតរៀងៗខ្លួន។ ជាមួយគ្នានោះដែរ ឯកឧត្តម សួស យ៉ារ៉ា ក៏បានឧបត្ថម្ភថវិកាចំនួន៣០លានរៀល សម្រាប់ធ្វើស្ថានីយ៍ទឹកស្អាត ជូនប្រជាពលរដ្ឋនៅតំបន់នេះ ប្រើប្រាស់ និងបានឧបត្ថម្ភអង្ករចំនួន៥តោន ដែលជាអំណោយកាកបាទក្រហមកម្ពុជាផងដែរ៕ធ.ដ

ដោយៈ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner