អ្នកនាំពាក្យ៖ កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជ កម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អស្មោះត្រង់ និងយោគយល់គ្នា ដើម្បីឈាន ទៅរកកិច្ចព្រមព្រៀង

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អស្មោះត្រង់ និងយោគយល់គ្នា ដើម្បីឈានទៅរកកិច្ចព្រមព្រៀង។ ភាគីទាំងពីរបានឯកភាពគ្នាជួបគ្នាសាជាថ្មីជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ប្រាប់ AMS ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និ វិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូមួយក្រុមដើម្បីទៅចរចារឿងអត្រាពន្ធជាមួយភាគីសហរដ្ឋអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយកិច្ចចរចានេះបានធ្វើរួចហើយថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ហើយនេះជាកិច្ចចរចាជុំទី១ ដែលបានជួបគ្នាដើម្បីជជែកអំពីការសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគ។ ដោយកិច្ចចរចាជុំទី១ នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អស្មោះត្រង់ និងយោគយល់គ្នា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយនៅពេលខាងមុខនេះ។ ដោយសារតែការចរចាពាណិជ្ជកម្មមានចំណុចច្រើនត្រូវការពេល ហើយការចរាចរជុំទី១ នេះបានបិទបញ្ចប់ហើយ ដោយបានឯកភាពគ្នាជួបគ្នាសារជាថ្មីជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

ឯកឧត្តម ប៉ែន បូណា បានបន្តថា កិច្ចពិភាក្សាជុំទី១ នេះ គឺបានពិនិត្យពិភាក្សាយ៉ាងស៊ីជម្រៅទៅលើសេក្តីព្រាងដើម្បីឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយនិកងបន្តជួបគ្នានៅលើកក្រោយទៀត ពីព្រោះវាទាមទារពេលវេលាមិនអាចអអ្គុយទល់មុខគ្នាម្តងសម្រេចបានទេ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕
ដោយ៖ពលជ័យ

ads banner