សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីច្បាប់ ចាប់ផ្តើមធ្វើកំណែព្រឹកនេះ

(ភ្នំពេញ)៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនបានចាប់ផ្តើមនាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) បានបញ្ចប់ដោយរលូន និងជោគជ័យកាលពីម្សិលមិញថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥។

ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ តំណាង ឯកឧត្តមឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំ និងពិនិត្យដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជន ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍មហាជន និងតំណាងសាលកវិទ្យាល័យ ព្រមទាំងភាគីពាក់ព័ន្ធក្នុងដំណើរការប្រឡង។

ឯកឧត្តម រដ្ឋលេខាធិការ បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីនៃការអនុវត្តដំណើរការកំណែ ដោយឈរលើគោលការណ៍យ៉ាងខ្ជាប់ខ្ជួន ស្របតាមនិយាមនីតិវិធិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានា ប្រកបដោយ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។

ដំណើរការកំណែបានចាប់ផ្តើមវេលាម៉ោង ៨និង២០ ព្រឹក មានសមាសភាពអ្នកកែសរុប២០ នាក់ ក្រោមការពិនិត្យរបស់គណៈកម្មការ និងការសង្កេតការណ៍ពីខាងACU(ចំនួន ២០នាក់) អ្នកសង្កេត ការណ៍មហា ជន (ចំនួន ៩នាក់) សាលកវិទ្យាល័យ (ចំនួន ៩នាក់) និងអ្នកសារ ព័ត៌មាន។ ក្នុងថ្ងៃនេះ មានព្រះសង្ឃ១ អង្គបានចុះឈ្មោះ និងនិមន្តមកសង្កេតការណ៍ដោយផ្ទាល់នៅទីតាំង។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) កាលពីថ្ងៃទី១៨ខែឧសភា មានបេក្ខជនចូលរួមប្រឡងចំនួន៥០៧អង្គនាក់និងមានបេក្ខជនដែលជា(ជនពិការចំនួន ៦រូប)បានចូលរួមប្រឡងប្រជែង ក្នុងនោះមានបេក្ខជនពិការភ្នែកទាំងសងខាង (១រូប)ក៏បានចូលរួមប្រឡងប្រជែងជា មួយ បេក្ខជនដទៃទៀត ប្រកបដោយបរិយាបន្ន។

គួរបញ្ជាក់ថា ចំពោះលទ្ធប្រឡងគណៈកម្មការប្រឡង ប្រជែងនឹងធ្វើការប្រកាសលទ្ធផល នៅល្ងាចថ្ងៃទី១៩ ខែឧសភានេះ បន្ទាប់ពីបានធ្វើកំណែចប់។ក្នុងចំណោមបេក្ខជនចំនួន ៥០៧អង្គនាក់ គណៈកម្មការជ្រើសរើសតែចំនួន៤៥រូប ដើម្បីដាក់ឱ្យបន្តប្រឡង ប្រ ជែងលើកទី២នឹងប្រព្រឹត្តទៅនថ្ងៃទី២៥ខែ ឧសភា សប្តាហ៍ក្រោយគឺរើសយកតែចំនួន ១៥នាក់ប៉ុណ្ណោះធ្វើជាមន្ត្រីក្របខណ្ឌផ្នែកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រី៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner