រដ្ឋអូស្ត្រាលីខាងត្បូង ស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី បានបង្ហាញការចាប់អារម្មណ៍ស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ។

លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានមើលឃើញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា ។

លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល ។

លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០​ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។

ជាការឆ្លើយតប,​ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន ។

សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានអរគុណ​អូស្ត្រាលី​ និយាយជារួម​ និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក​ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ​ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។

សម្តេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សា​និងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក​ ព្រមទាំងស្វែងរកនូវ​ឱកាសបន្ថែមទៀត​ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ​,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner