សម្ដេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាល និងការឈឺចាប់ដែលប្រជាជនកម្ពុជា បានទទួលរង និងសូមចូលរួមគាំទ្រ ថែរក្សាសន្តិភាព ឱ្យនៅស្ថិតស្ថេរចីរកាល

(ភ្នំពេញ)៖ សម្ដេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមានសាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អ ឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ ។ ២០ថ្ងៃ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសខួបលើកទី៨ ​ទិវាជាតិ​​នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ។

សម្ដេចធិបតី បានបន្តថា សម្រាប់ឆ្នាំ២០២៥ នេះ ជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី ៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤ មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានហែលឆ្លងកាត់ឈាម និងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហម បានបំផ្លិចបំផ្លាញចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ ។ល។ ទោះពេលនេះ រឿងរ៉ាវសោកនាដកម្មទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជា បាន និងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និង ពោរពេញ ដោយការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នា មិនត្រូវបណ្តែតបណ្តោយ ឬបំភ្លេចអតីតកាលដ៏ជូរចត់នេះឡើយ។ យើងត្រូវរំឭក និងចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាម កុំឱ្យកើតមានឡើងសាជាថ្មី នៅលើទឹកដីកម្ពុជាដ៏បវររបស់យើង ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្ដេចធិបតី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលមិនត្រឹមតែជាបិតាសន្តិភាព ស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងបានបញ្ចប់កម្លាំងយោធា នយោបាយ រចនាសម្ព័ន្ធខ្មែរក្រហមទាំងស្រុងប៉ុណ្ណោះនោះទេ គឺសម្តេចតេជោ ក៏បានផ្តួចផ្តើមចរចានាំឱ្យមានការបង្កើតតុលាការជាតិ ដោយមានការចូលរួមពី អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា «អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបប កម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកការពិត និងយុត្តិធម៌ជូនជនរងគ្រោះទាំងអស់នៃរបបនេះទៀតផង ។

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការ ទាំងឡាយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់តាំងពីគំនិតផ្តួចផ្តើម បង្កើត និងគាំទ្រទាំងផ្នែកថវិកា និងសម្ភារ រហូតបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជា ឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង ។

ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជា ពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ក្នុងសម័យទំនើប៖ សន្តិភាព តាមរយៈយុត្តិធម៌ និងយុត្តិធម៌ តាមរយៈសន្តិភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner