រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាជាតិនៃការចងចាំថ្ងៃ ២០ ឧសភា នៅមណ្ឌល​ឧក្រិដ្ឋកម្មភ្នំប្រុស

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ដោយមានការរាប់បាត្រ​ប្រគេន​​ព្រះសង្ឃចំនួន៧៩អង្គ ស្ថិតនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស និងដើម្បីឧទ្ទិស​កុសល​ជូនដល់វិញ្ញាណក្ខន្ធជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើង​ថា ការប្រារព្ធពិធី ទិវាជាតិនៃការចងចាំ​នៅពេលនេះចំពេលដែលប្រទេស​ជាតិ​កំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ និងរក្សាបាននូវប្រក្រតីភាព នៃ​ជីវភាព​​រស់នៅរបស់ប្រជាជន ខណៈសភាពការណ៍អន្តរជាតិ កំពុងវិវត្តន៍យ៉ាង​ស្មុគស្មាញ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គមតាមរយៈការចូលរួមអនុវត្តគោល​នយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានរឹងមាំទប់ស្កាត់ និងកម្ចាត់​រាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋាន​អគតិនានា ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាត​ពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ។បង្កការបាក់បែកជាតិ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការប្រជា​ធិបតេយ្យ​នៅកម្ពុជា ៕
ដោយ៖លី ពៅ

ads banner