គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល បន្តសម្រួលការរីកចម្រើន តាមរយៈការអភិវឌ្ឍផ្លូវគោកនៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជនបទមួយខ្សែ បំពេញការកែប្រែដោយគ្រួសក្រហម មានប្រវែងសរុប ៦ គីឡូម៉ែត្រ ពីភូមិក្រយាជើង ទៅភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។
ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋ ឲ្យចូលរួមថែទាំផ្លូវនេះឲ្យបានគង់វង្ស និងប្រើប្រាស់ដោយមានវិសោធនកម្ម ដោយជៀសវាងការដឹកជញ្ជូនទំនិញធុនធ្ងន់លើសស្ដង់ដារ។ រួមទាំងស្នើសុំឲ្យប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ មានការប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើសារពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានការព្រួយបារម្ភ និងផ្តោតលើសុខុមាលភាពរបស់ប្រជាជនជានិច្ច។
ឯកឧត្តម បន្តថា ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវ។ នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើ៥គន្លឹះសំខាន់៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ គោលបំណងគឺដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ឈានទៅដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
ដោយ ៖ ប៊ុនរដ្ឋា





