អភិបាលខេត្តបាត់ដំបង ប្រាប់ប្រជាពលរដ្ឋម្ចាស់អចលនវត្ថុ​ត្រូវថែរក្សា​ដីធ្លីដែលជាទ្រព្យ

បាត់ដំបង៖ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជា​ពលរដ្ឋ​ក្នុងភូមិ​ស្ពានទំនាប និង ភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានបញ្ជាក់អំបីសារសំខាន់នៃបណ្ណកម្មសិទ្ធ​ដីធ្លីនិងបានរំលឹកដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីរក្សាទុកចែកតកូនតចៅទៅមុខទៀត។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានលើកឡើងដូច្នេះ ក្នុងឱកាសឯកឧត្តម​និងឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខា​ធិការ​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក នាចុងសប្ដាហ៍នេះ។

ក្នុងឱកាសដដែលឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរ ស្រុក ឃុំ ត្រូវទប់ស្កាត់ការសាងសង់សំណង់មិន​រៀបរយ។ ត្រូវថែរក្សាដីចំណីផ្លូវ​កុំឱ្យមានការរំលោភបំពាន និងត្រូវបើកផ្លូវឱ្យបានធំទូលាយ ដើម្បីសម្រួលដល់​ការធ្វើដំណើរ។

ឯកឧត្តមក៏បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យ​បរិស្ថាន។ ចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន។ ត្រូវខិតខំការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមក្នុងយុទ្ធនាការ”ផ្ទះមួយខ្នង ដើមឈើមួយដើម” ដោយបន្តដាំដើមឈើ នៅមុខផ្ទះ តាមដងផ្លូវ តាមទីសាធារណៈ ដើម្បីលើកកម្ពស់សោភណភាព​ទីប្រជុំ​ជន ក្នុងមូលដ្ឋានខ្លួន។

ដោយឡែកឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសរំលេចថា​ខេត្តបាត់ដំបង គឺជាខេត្តមួយ ដែលមានសក្ដានុពលធំធេង លើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូល​សេដ្ឋកិច្ចទី៤ នៅ​​កម្ពុជា។ឯកឧត្តម បានរំលឹកដល់ដល់ប្រជាពលរដ្ឋដែល​ទទួល​បានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវយកចិត្ត​ទុកដាក់ ក្នុងការរៀបចំភូមិ​ឋានឱ្យបានស្អាតល្អ ត្រូវបន្តខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់នូវ​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនឱ្យបានកាន់តែប្រសើរ៕
ដោយ៖អ៊ុក សំអាន ប.ប

ads banner