អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យផ្លូវនៅស្រុកព្រៃឈរនិងស្រុកបាធាយ
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីពាក់ព័ន្ធបានអញ្ជើញពិនិត្យការថែទាំផ្លូវនៅស្រុកព្រៃឈរនិងលទ្ធភាពជួសជុលផ្លូវឡើងវិញដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីជំនាញពាក់ព័ន្ធនៅចុងសប្ដាហ៍នេះ បានអញ្ជើញពិនិត្យមើលផ្លូវនៅស្រុកព្រៃឈរនិងនៅស្រុកបាធាយ។

សូមជម្រាបថា ផ្លូវកៅស៊ូមួយខ្សែប្រវែង១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។ដោយឡែកផ្លូវក្រាលកៅស៊ូមួយខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែកស្រុកបាធាយ បានរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។

ក្នុងឱកាសពិនិត្យមើលការថែទាំផ្លូវនៅស្រុកព្រៃឈរ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។

ចំណែកផ្លូវកៅស៊ូមួយខ្សែនៅស្រុកបាធាយ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមកឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញឱ្យធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់៕
អត្ថបទនិងរូបភាព៖លី ពៅ
