អគ្គរដ្ឋអាជ្ញារុស្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកដំបូង
ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌កម្ពុជា បានអញ្ជើញទទួលដំណើរមកបំពេញទស្សនរបស់ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីមកកាន់ប្រទេសកម្ពុជា ហើយនេះក៏ជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ។

នៅទីក្រុងភ្នំពេញ ឯកឧត្តម Igor Krasnov នឹងជួបពិភាក្សាជាមួយប្រធានស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបផ្សេងទៀត។ ឯកសារមួយចំនួនគ្រោងនឹងចុះហត្ថលេខា ដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។

ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ដោយដាក់កម្រងផ្កានៅវិមានឯករាជ្យ និងនៅរូបសំណាកព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រមុខរដ្ឋកម្ពុជា ដែលបានទាមទារឯករាជ្យភាពជូនជាតិមាតុភូមិ៕ អត្ថបទ ៖ ឈឹម ទីណា




