ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិតខ្មែរជំនាញបច្ចេកវិទ្យាឌីជីថល នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក
(រដ្ឋកាលីហ្វ័រនីញ៉ា)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងលើកឡើងពីឱកាសសម្រាប់យុវជនខ្មែរក្នុងការចូលរួមរួចចំណែកក្នុងការកសាងធនធានមនុស្ស និងជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្តែងការកោតសរសើរដល់បញ្ញាវន្តដែលទទួលបានការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្អៗ និងនិស្សិតខ្មែរ ដែលទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក និងបានផ្តាំផ្ញើដល់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះជំនាញ ហើយនៅពេលវិលត្រឡប់មកប្រទេសវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្វាគមន៍ទទួល។

អ្នកជំនាញ ធុរជន និងនិស្សិតខ្មែរដែលចូលរួមបានថ្លែងអំណរគុណចំពោះការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក៏បានលើកឡើងពីសេចក្តីសង្ឃឹម និងការប្តេជាចិត្តក្នុងការយកចំណេះដឹងនិងជំនាញមកអភិវឌ្ឍប្រទេសជាតិ៕
ដោយ៖ ង៉ាន់ ទិត្យ



