ក្រសួងកសិកម្មជូនដំណឹងពី នីតិវិធីនៃការដាក់ពាក្យស្នើសុំនាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ អំពី ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខា ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ត្រូវទៅដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ដូចមានគំរូពាក្យ ស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹង)។
បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការ ត្រួត ពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ៕
ដោយ៖ម៉ាដេប៉ូ



