អង្គការសុខភាពពិភពលោក កោតសរសើរ ចំពោះសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក

(ប្រទេសស្វីស)៖ កំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាត្រូវបានទទួលស្វាគមន៍សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបថ្លែងអំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជា ជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជាដែលរួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង, ២-ការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍, ៣-ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់, ៥-ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក និងបានបញ្ជាក់ការគាំទ្ររបស់លោកលើអទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា។

ឯកឧត្តមអគ្គនាយកមានប្រសាសន៍បន្ថែមថា «យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម៖ កម្ពុជាប្រទេសតូច បេះដូងធំ» ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner