ឥណ្ឌាអនុម័តគម្រោងផលិតយន្តហោះចម្បាំងទំនើបបំផុត ដើម្បីកំញើញប៉ាគីស្ថាន

ញូវដែលី ៖ ទោះបីភាពតានតឹងជាមួយប៉ាគីស្ថានថយចុះក៏ដោយ ឥណ្ឌាបានបង្ហាញពីការត្រៀមខ្លួនសម្រាប់ការផ្ទុះជម្លោះនាពេលអនាគត តាមរយៈការអនុម័តលើកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត ដែលនេះជាការជំរុញសន្ទុះផលិតកម្មសព្វាវុធក្នុងស្រុក។

គម្រោងនេះមានសារសំខាន់សម្រាប់កងទ័ពអាកាសឥណ្ឌា ខណៈដែលកងយន្តហោះឥណ្ឌាបានធ្លាក់ចុះពី ៤២គ្រឿងមកត្រឹម ៣១គ្រឿង នៅពេលគូប្រជែងចិនកំពុងពង្រីកកងទ័ពអាកាសយ៉ាងឆាប់រហ័ស។ រីឯប៉ាគីស្ថានក៏មានយន្តហោះចម្បាំងទំនើបបំផុតរបស់ចិន J-10 នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនផងដែរ។

ឥណ្ឌាដែលជាប្រទេសនាំចូលអាវុធដ៏ធំបំផុតមួយរបស់ពិភពលោក បានចាត់ទុកការធ្វើទំនើបភាវូបនីយកម្មកងកម្លាំងរបស់ខ្លួនជាអាទិភាពកំពូល ចំពេលប្រឈមមុខនឹងភាពតានតឹងជាមួយប៉ាគីស្ថាន និងចិន ជាគូរប្រជែងមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា។

តួយ៉ាង កាលពីខែមេសា ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿងពីក្រុមហ៊ុន Dassault Aviation របស់ប្រទេសបារាំង បន្ថែមពីលើយន្តហោះចម្បាំងចំនួន ៣៦គ្រឿងដែលបានទិញរួចហើយ និងដើម្បីជំនួសយន្តហោះ MiG-29K របស់រុស្ស៊ី។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ (SIPRI) បានឱ្យដឹងកាលពីឆ្នាំមុនថា ការទិញសព្វាវុធរបស់ឥណ្ឌាបានកើនឡើងជាលំដាប់ស្មើនឹងជិត ១០ភាគរយនៃការនាំចូលសរុបនៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩-២០២៣។

ប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសលោកខាងលិចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងសម្ព័ន្ធភាព Quad ជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈដែលឥណ្ឌាផ្លាស់ប្តូរបន្តិចម្តងៗពីការពឹងផ្អែកយូរអង្វែងរបស់ខ្លួនលើគ្រឿងសព្វាវុធយោធារបស់រុស្ស៊ី៕

ប្រភព ៖ AFP និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner