កុមារកំព្រា នៃអង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៥ ពីកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៥ ដែលរួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើងប្រមាណ ២៥០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
លោក សែម ស៊ីណាត ប្រធានរដ្ឋបាលអង្គការផ្ទះបាយកុមារ បានឲ្យដឹងថា “អង្គការផ្ទះបាយកុមារមានបំណងឱ្យកុមារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន មានកុមារប្រមាណជាង ៨៥៣នាក់ និងជួយកុមារបានក្លាយជានិស្សិត១១នាក់ ដោយផ្តល់ជាស្បៀង សម្ភារៈអនាម័យ សម្លៀកបំពាក់ និងឧបត្ថម្ភថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ លោកគ្រូ អ្នកគ្រូ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារ និងសូមបន្តនូវសកម្មភាពដ៏ល្អមួយនេះដើម្បីអនាគតកុមារទាំងនេះ។
លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ “ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ការលាងសម្អាតដៃជាមួយសាប៊ូ ត្រូវរៀបរយផ្ទះសំបែងឱ្យបានល្អ ខោអាវបោកគក់ឱ្យបានស្អាត ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រដល់ចប់ថ្នាក់វិទ្យាល័យឬបន្តថ្នាក់ឧត្តមសិក្សា ធ្វើជាកូនល្អ សិស្សល្អ ជាពលរដ្ឋល្អ មានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់បម្រើសង្គមជាតិ។
ទន្ទឹមនឹងនោះ ត្រូវបរិភោគអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដែលចំអិនដោយផ្ទះបាយផ្ទាល់ ការហូបចុកឱ្យមានអនាម័យ ជៀសវាងអាហារដែល ប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ប្រភេទអាហារ-គ្រឿងភេជ្ជៈកំប៉ុង និងត្រូវនិយាយថាអត់គ្រឿងញៀន និងគ្រឿងស្រវឹង។ សូមចៅៗ ទាំងអស់គ្នាត្រូវប្រាប់បន្តដល់ឪពុកម្តាយ បងប្អូនដែលរស់នៅជាមួយ មិត្តភក្តិនៅក្នុងសាលា អ្នកស្គាល់ អំពីបញ្ហាសុខភាពដូចជា មិនប្រៃ មិនខ្លាញ់ មិនផ្អែម មិនគ្រឿងស្រវឹង និងមិនគ្រឿងញៀន និងជូនពរចៅៗទាំងអស់មានសុខភាពល្អ រៀនពូកែ និងសុខសប្បាយទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ នេះជាលើកទី៥ ហើយដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនអង្គការផ្ទះបាយកុមារ ដែលអំណោយនាពេលនេះរួមមាន ៖ អង្ករ ៣តោន,អង្ករសុខភាព ២០កេស, មី ១០កេស, ត្រីខ ៥កេស, ប្រេងឆា ៥ធុង, ស្ករស ១០០ គីឡូក្រាម, ទឹកដោះគោខាប់ ៥កេស, ប្រេងខ្យង ៥កេស, ប៊ីចេង ២០គីឡូក្រាម, ទឹកម្ទេស ៦០ដប, ម្រេច ១០កញ្ចប់, ខ្ទឹមស ៣០គីឡូក្រាម, ពងទា ៦០០គ្រាប់, សាច់ក្រក ១០គីឡូក្រាម, ម្សៅសាប៊ូ ៥០គីឡូក្រាម, សាប៊ូដុំ ២៥០ដុំ, ច្រាស់ដុសធ្មេញ ២៥០ដើម, ថ្នាំដុសធ្មេញ ២៥០ទីប និងថវិកា ១០.០០០.០០០រៀល។
ក្នុងនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អាហារ-គុយទាវ និងទឹកដោះគោ និងទឹកបរិសុទ្ធ ជូនដល់កុមារផងដែរ។ ដោយស្បៀង និងសម្ភារៈ ដែលជាអំណោយរបស់សប្បុរសជននានាតាមរយៈកាកបាទក្រហមកម្ពុជា៕
ដោយ / គ្រី សម្បត្តិ





