ត្រឹម៣ថ្ងៃ រុស្ស៊ីបញ្ជាដ្រូនជាង ៩០០គ្រឿងវាយលុកអ៊ុយក្រែន
កៀវ ៖ មេដឹកនាំអ៊ុយក្រែននិយាយថា ត្រឹម៣ថ្ងៃប៉ុណ្ណោះ រុស្ស៊ីបានបញ្ជាយន្តហោះដ្រូនច្រើនជាង ៩០០គ្រឿងវាយលុកអ៊ុយក្រែនមិនសំចៃដៃ ទោះបីជាពិភពលោកជំរុញឱ្យលោក ពូទីន ចូលខ្លួនចរចាបញ្ឈប់សង្គ្រាមក៏ដោយ ក៏រុស្ស៊ីនៅតែអូសបន្លាយការប្រយុទ្ធ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅក្នុងវីដេអូថា ក្រៅពីយន្តហោះដ្រូន ការវាយប្រហាររបស់រុស្សីលើអ៊ុយក្រែន ក៏រួមបញ្ចូលទាំងកាំជ្រួច និងមីស៊ីលផ្លោងផងដែរ។
លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា យោងតាមរបាយការណ៍ទទួលបានពីការស៊ើបការណ៍សម្ងាត់ និងប្រភពផ្សេងទៀត បានបង្ហាញថា លោក ពូទីន និងបក្ខពួករបស់គាត់មិនមានគម្រោងបញ្ចប់សង្រ្គាមទេ ផ្ទុយទៅវិញ មានភស្តុតាងគ្រប់គ្រាន់ដែលថា រុស្ស៊ីកំពុងរៀបចំប្រតិបត្តិការវាយលុកថ្មី។
ផ្អែកតាមកាសែត Wall Street Journal ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីទើបហៅលោក ពូទីន ថា ជាមនុស្សឆ្កួត និងកំពុងប្រឡែងលេងជាមួយភ្លើង ប៉ុន្តែរហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ចាត់វិធានការថ្មីណាមួយនៅឡើយទេ៕


ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា