លោកពូទីនថារុស្ស៊ីកំពុងខ្វះដំឡូង
បរទេស ៖ មេដឹកនាំនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃពុធថា រុស្ស៊ីកំពុងខ្វះដំឡូង។
អំឡុងពេលកិច្ចប្រជុំ នៃវេទិកាសម្រាប់សហគ្រិនភាព និងបណ្តាញ លោក ពូទីន បាននិយាយថា «រុស្ស៊ីមិនមានដំឡូង គ្រប់គ្រាន់នោះទេ»។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Rosstat ដែលបានដកស្រង់របាយការណ៍ ពីក្រសួងកសិកម្ម ឲ្យដឹងថា «ការប្រមូលផលបន្លែ កាលពីឆ្នាំមុន គឺជិតរួចរាល់ហើយ»។ ប្រភពបន្តថា «តម្លៃដំឡូង បានកើនឡើង ១.៧ភាគរយ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា»។
ការត្អួនត្អែរ ពីការខ្វះដំឡូងនេះ បានធ្វើឡើង ខណៈដែលប្រទេសរុស្ស៊ី កំពុងប្រយុទ្ធនឹងអតិផរណាខ្ពស់ ចាប់តាំងពីខ្លួន បានចាប់ផ្តើមការវាយលុក ប្រឆាំងនឹងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ហើយ ត្រូវបានវាយប្រហារ ដោយទណ្ឌកម្ម របស់លោកខាងលិច។
ប៉ុន្តែ បើតាម The Moscow Times បានចុះផ្សាយថា ការកើនឡើងនៃតម្លៃ បន្ទាប់ពីការប្រមូលផលមិនល្អ បណ្តាលមកពីបញ្ហាអាកាសធាតុ រួមទាំង គ្រោះរាំងស្ងួតយូរ។ បើតាមប្រភព នៅឆ្នាំ២០២៤ រុស្ស៊ីបានប្រមូលផលដំឡូង បាន៧.៣លានតោន ធ្លាក់ចុះ ១.២លានតោន ធៀបនឹងឆ្នាំមុន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ប៉ាន់ប្រមាណថា តម្រូវការក្នុងស្រុក មានប្រហែល៨លានតោន ក្នុងមួយឆ្នាំ៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត