សិក្ខាកាម ៧០នាក់មកពីក្លឹបចម្រុះនៃក្បាច់គុនត្រូវបានអញ្ជើញចូលរួមសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណលើកចុងក្រោយ
(ភ្នំពេញ)៖ ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណ ដែលជាសិក្ខាសាលាចុងក្រោយនេះ បានធ្វើឡើងក្រោមគោលបំណងសំខាន់ៗចំនួន៤។ ទី១ គឺការបញ្ជ្រាបបច្ចេកទេសមូលដ្ឋានគ្រឹះយុទ្ធគុនខ្មែរ ដើម្បីឱ្យយល់ដឹងច្បាស់ពីមូលដ្ឋានក្បាច់គុននីមួយៗ។ ទី២ ផ្ដោតលើការប្រើបច្ចេកទេសលំហាត់កម្លាំងកាយក្នុងយុទ្ធគុនដែលមានការបែងចែកជាកម្លាំងកាយពិសេសក្នុងការហាត់យុទ្ធគុន។ ក្នុងនោះមានលំហាត់ជាច្រើនពាក់ព័ន្ធនឹងការបង្កើនកណ្ដាប់ដៃ សាច់ដុំដៃ ជើង ចង្កេះ ក ឱ្យមានស្មារតីល្អ ថាមពល ល្បឿន អំណត់ ទន់ភ្លន់។ ទី៣ គឺការពង្រឹងរៀបរបបនៃការផ្ទេរចំណេះដឹងពីគ្រូទៅកីឡាករ កីឡាការិនី ថាតើពួកគាត់មានវិធីសាស្ត្របែបណាក្នុងការបង្ហាត់បង្ហាញបន្តទៅឱ្យកូនក្រុមរបស់គាត់ដើម្បីត្រៀមការប្រកួតឆ្នាំនេះ។ ចំណុចទី៣នេះយើងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ត្រូវយកចំណេះដឹង និងមូលដ្ឋានគ្រឹះដែលបានរៀនសូត្រពី២វគ្គនេះទៅបង្ហាត់បង្ហាញឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់ទៅតាមបច្ចេកទេសនីមួយៗ។ ទី៤ គឺការជំរុញទឹកចិត្ត និងលើវិន័យក្នុងការហ្វឹកហាត់។

ឯកឧត្ដម វ៉ាត់ ចំរើន បានរំលេចទៀតថា សិក្ខាសាលានេះផ្ដោតលើមូលដ្ឋានគ្រឹះដែលគ្រូបង្វឹកជាសិក្ខាកាមអាចយកទៅចែករំលែកបង្ហាត់ដល់កូនសិស្សរបស់ខ្លួន ត្រៀមចូលរួមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ ក្នុងខែវិច្ឆិកា ខាងមុខ។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានរៀបចំវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណលើកចុងក្រោយរយៈពេល២ថ្ងៃពីថ្ងៃទី៣០ដល់ទី៣១ នៅសាលាកីឡាគុណធម៌។ មានការចូលរួមពីសិក្ខាកាម៧០នាក់ដែលជាគ្រូបង្វឹកតាមបណ្ដាក្លឹបចំណុះសហព័ន្ធក្បាច់គុនផ្សេងៗទៀតដូចជា ចំបាប់ គុនខ្មែរ គុនចម្រុះ ល្បុក្កតោ យុទ្ធក្រមខម និងអង្គភាពកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

