ឯកឧត្តម លី ឆេង លើកទឹកចិត្តសិស្សដែលទទួលសញ្ញាប័ត្រភាសាអង់គ្លេសបន្តខំរៀនបន្ថែម ដើម្បីក្លាយជាមូលធនមនុស្ស
ភ្នំពេញ៖ ដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គមជាតិអោយរីកចម្រើន ទាល់តែឆ្លងកាត់ការសិក្សា និងមានបទពិសោធន៍គ្រប់គ្រាន់ រៀននៅសាលា អនុវត្តការងារជាក់ស្តែង និងបន្តស្រាវជ្រាវលើជំនាញខ្លួនបន្ថែមទៀត ទើបក្លាយជាមូលធនមនុស្សប្រកបដោយសីលធម៌។ នេះជាការលើកទឹកចិត្តដល់សិស្សដែលបានទទួលសញ្ញាបត្រភាសាអង់គ្លេស របស់សាលា ប៊ែលធី អន្តរជាតិ ទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៩ ដល់ទី៧៤ (BELTEI ESL DIPLOMA) ចំនួន ៩៧២នាក់ ពី ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង មានការចូលរួមពីលោកជំទាវ ផងដែរ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ) នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩នាក់ ។ កម្មវិធីសិក្សាធំៗចំនួន៥ ត្រូវបានបញ្ជូលបន្ថែមចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។
គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ សិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ដែលបានប្រឡងបញ្ចប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៥,២៣៦នាក់ ។ ក្នុងនោះសិស្សដែលប្រឡងបានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ១១,៨៨៤នាក់ ស្មើនឹង ៧៨% ដែលនឹងទទួលបានសញ្ញាបត្រចំនួនពីរគឺ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សា ភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ ជាផ្លូវការផងដែរ។
ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និង គុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និង ទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់របស់សង្គមជាតិ និងអាចចាប់យកអាជីពសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត ហើយ មានសមត្ថភាពប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។ ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី និង លោកជំទាវ បានចូលរួមអបអរសាទរ និង ប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៩៧២នាក់ ៕













