ឯកឧត្តម ជា វ៉ាន់ដេត ចាត់តំណាងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ នៅខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមេបញ្ជាការរងតំណាងឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព យើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា។ ឯកឧត្ដមលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតដល់បងប្អូនយុទ្ធជនយើងប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី។

តាងនាមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការពង្រាយកងទ័ពនៅតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដីពីការរំលោភឈ្លានពាន ហេីយកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជូនអំណោយជាឱសថនិងបរិក្ខាពេទ្យ ស័ង្កសី តង់ ធុងទឹក ព្រមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននិងគ្រួសារ និងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner