ប្រធានព្រឹទ្ធសភា ៖ កម្ពុជា សូមតែរក្សាដីដែលមានស្រាប់ មិនចង់បានដីរបស់នរណានោះឡើយ
(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាសូមសិទ្ធិរក្សាការពារទឹកដីដែលនៅសល់ប៉ុណ្ណោះ មិនចង់បានដីរបស់នរណានោះឡើយ ព្រោះកម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ។

សម្តេចតេជោ បានថ្លែងទៀតថា កម្ពុជា បានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេចចំនួន ៨៤% ទៅហើយ នៅសល់ ១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក, កម្ពុជា ជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន ៨៦% ហើយ នៅសល់ ១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល ២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកបង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត ។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តី គឺរឿងក្តី តែរឿងកិច្ចសហប្រតិបត្តិការនៅតែសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា-ថៃ នៅតែមានដដែល ។
សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភា បានថ្លែងបញ្ជាក់ដូច្នេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
