វិទ្យាស្ថានប៉ាស្ទ័រប៉ារីស-បារាំង គាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា ឆ្លើយតបបានទៅនឹងតម្រូវការសុខភាពសាធារណៈ

(ភ្នំពេញ)៖ លោកស្រី Odette TOMESCU-HATTO បានជម្រាបជូននូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើរក្នុងតួនាទីដ៏សំខាន់ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈក្រសួងសុខាភិបាល។ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល។

លោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិជម្រាបជូនដូចនេះខណៈដឹកនាំ គណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹក ទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តម ឈាង រ៉ា បានកោតសរសើរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជារយៈពេលជិត ៧០ឆ្នាំមកហើយ។ ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងក្រសួងសុខាភិបាល និងស្នើសុំឱ្យពង្រីកកិច្ចសហការ និងបន្តការផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ ជូនដល់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងបារាំងក្នុងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញចំណេះដឹង វិទ្យាសាស្ត្រ និងសុខភាពសាធារណៈ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ចូលរួមដំណើរការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner