អ៊ីស្រាអែលវាយប្រហារមន្ទីរពេទ្យ ស្លាប់ទាំងអ្នកសារព័ត៌មាន៣នាក់ នៅតំបន់ហ្គាហ្សា

អ្នកសារព័ត៌មាន៣នាក់ ស្ថិតក្នុងចំណោមមនុស្សស្លាប់ចំនួន៥នាក់ អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល លើមន្ទីរពេទ្យ Al-Ahli ស្ថិតនៅក្នុងតំបន់ ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារព័ត៌មាន BBC បានចេញផ្សាយថា អ្នកកាសែតទាំងនោះ បម្រើការងារ នៅស្ថាប័ន បីផ្សេងៗគ្នា រួមមាន ទូរទស្សន៍ប៉ាឡេស្ទីន Today TV , Palestine Today និង ទីភ្នាក់ងារព័ត៌មាន Shams News ដែលរួមមានទាំង អ្នកថតរូប និង អ្នកសរសេរអត្ថបទ។ ក្រៅពីនេះ មានអ្នកកាសែត ៤នាក់ទៀត រងរបួស ផងដែរ ដោយក្នុងនោះ ក៏មានអ្នកឆ្លើយឆ្លងព័ត៌មាន និង អ្នកថត មកពីទូរទស្សន៍ នៅប្រទេសកាតា ទៀតផង នេះបើតាមអ្នកសារព័ត៌មានឈ្មោះ Mohammed Ahmed បានប្រាប់ឲ្យដឹង នៅទីតាំងកើតហេតុ។

យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយ ភ្លាមៗ ពីយោធា ឬ រដ្ឋាភិបាលអ៊ីស្រាអែល នោះទេ។ ប៉ុន្តែ ពួកគេធ្លាប់បានបដិសេធថា កងកម្លាំងអ៊ីស្រាអែលមិនបានកំណត់គោលដៅ លើអ្នកកាសែតឡើយ។ មន្ទីរពេទ្យ នៅហ្គាហ្សា នៅតែបន្តរងការវាយប្រហារពីអ៊ីស្រាអែល ដោយចោទថា ជាទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បើទោះបីជា មន្ទីរពេទ្យត្រូវបានការពារ ជាពិសេស ស្ថិតក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដោយ។

ហេតុការណ៍នេះ បានកើតឡើង ចំថ្ងៃដែលអង្គការព័ត៌មាននិងសេរីភាពសារព័ត៌មាន ទូទាំងពិភពលោក សរុប ជាង១៣០អង្គភាព បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ត្រូវបានផ្តល់សិទ្ធិចូល ទៅកាន់តំបន់ហ្គាហ្សា ជាបន្ទាន់ ហើយ អ្នកកាសែតប៉ាឡេស្ទីន ត្រូវទទួលបានការការពារពេញលេញ។

ពួកគេបានសរសេរលិខិតមួយ ដែលសម្របសម្រួល ដោយគណៈកម្មាធិការការពារអ្នកកាសែត និងអ្នករាយការណ៍ គ្មានព្រំដែន រៀបរាប់ថា «អស់រយៈពេល២០ខែមកហើយ ដែលអាជ្ញាធរអ៊ីស្រាអែលបានបដិសេធ មិនផ្តល់សិទ្ធិឱ្យអ្នកកាសែត នៅខាងក្រៅតំបន់ហ្គាហ្សា ចូលទឹកដីប៉ាឡេស្ទីន ដែលជាស្ថានភាព មិនធ្លាប់មានពីមុនមក ក្នុងសង្គ្រាមសម័យទំនើប»។ ប្រភពបន្តថា អ្នកសារព័ត៌មានក្នុងស្រុក ជាអ្នកដែលមានជំហរល្អបំផុត ក្នុងការនិយាយពីការពិត ប្រឈមមុខនឹងការផ្លាស់ទីលំនៅ និង ការអត់ឃ្លាន ហើយ មកទល់ពេលនេះ អ្នកកាសែតជិត ២០០នាក់ត្រូវបានសម្លាប់ ដោយយោធាអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ៊ីស្រាអែលបន្តបើកយុទ្ធនាការយោធា នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបនឹងការវាយប្រហារ លើទឹកដីរបស់ខ្លួន កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្ស ជាង១ពាន់នាក់។ ជាការសងសឹក មនុស្សយ៉ាងហោចណាស់ ៥៤,៦៧៧នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

ប្រភពពី BBC ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner