ឯកឧត្តម ហ៊ុន ម៉ានី ៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានលើឡើងថា នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។
ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជន ជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។
ឯកឧត្តមបន្ថែមថា យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិតណាស់ យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។ តែគ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបានដូចបច្ចុប្បន្ននេះឡើយ។
ឯកឧត្តម ហ៊ុន ម៉ានីគូសបញ្ជាក់ថា «យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពាន ជាដាច់ខាត។» កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេ៕
ដោយ ៖ ង៉ាន់ ទិត្យ