ក្រសួងសុខាភិបាល អបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វីតាល់បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកជំទាវបណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និងមីជាតិ), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ត្រីរាជការ តំណាងក្រសួង ស្ថាប័នរដ្ឋ និងឯកជន សិស្សានុសិស្ស និងសប្បុរសជន ចំនួនអ្នកបរិច្ចាគឈាមទទួលបានសរុប ៤៦៣នាក់ ក្នុងនោះមានប្រុស ៣២២ និងស្រី ១៤១នាក់។
ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៤ មិថុនា នាឆ្នាំនេះ វីតាល់ បានចូលរួមឧបត្ថម្ភធំ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជម្រុញឱ្យមានការកើនឡើងនូវ ចលនាបរិច្ចាគឈាម ដើម្បីបំពេញសន្និធិឈាម ពោលគឺបំផុសបង្កើតឱ្យមានទំនួលខុសត្រូវសង្គម និងបង្កើតទម្លាប់នៃវប្បធម៌ចែករំលែកពីយុវជនជំនាន់ក្រោយៗ។
ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា រាល់ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់សប្បុរសជនគឺប្រៀបបានដូចជាការផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីទៅកាន់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ ឯកឧត្តមបានអំពាវនាវឱ្យសប្បុរសជនទាំងអស់បន្តស្ម័គ្រចិត្តបរិច្ចាគឈាម និងចូលរួមផ្សព្វផ្សាយពីសារសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបានទាំងវិស័យរដ្ឋ និងឯកជន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ មូលនិធិ ២៥រៀល វីតាល់ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ និងផ្សព្វផ្សាយនូវទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ជារៀងរាល់ឆ្នាំ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល។
ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ និងជាអំណោយដ៏ថ្លៃថ្លា ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត ព្រោះឈាមមានប្រភពតែមួយគត់គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតឈាមបានទេ។ ការបរិច្ចាគឈាមមិនត្រឹមតែ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតផងដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីកនានា; ផ្លាស់ប្ដូរកោសិកាឈាមឱ្យបានប្រសើរជាងមុន; កាត់បន្ថយភាពតានតឹង និងការដាច់សរសៃឈាម; ជួយដុតជាតិខ្លាញ់ក្នុងរាងកាយ និងសមតុល្យទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និងមីជាតិ) ក្នុងនាមជាដៃគូឧបត្ថម្ភធំ បានឱ្យដឹងថា ជានិច្ចកាលមូលនិធិ២៥រៀល វីតាល់ តែងតែបណ្តុះស្មារតីចែករំលែក និងផ្ដល់ត្រឡប់ទៅវិញ តាមរយៈការចូលរួមសកម្មភាពសង្គមនានា ចាប់តាំងពីពាណិជ្ជសញ្ញានេះកកើតមកម៉្លេះ ជាក់ស្តែងតាមរយៈសកម្មភាពនាថ្ងៃនេះបានបង្ហាញពីកាយវិការមនុស្សធម៌ ក្នុងការចូលរួមជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការអំណោយឈាមជាចាំបាច់ និងបានចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ។
គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់វីតាល់ អាចកើតឡើងក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប។ វីតាល់នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ក្នុងព្រះរាជាណាចក្រកម្ពុជា ៕







ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ