លោក Trump ថា ជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងមានការចរចាសន្តិភាពឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងមានការចរចាសន្តិភាពក្នុងពេលឆាប់ៗនេះ ហើយប្រទេសទាំងពីរគួរតែធ្វើកិច្ចព្រមព្រៀងមួយ។

ប៉ុន្តែជាមួយគ្នានេះ លោកប្រធានាធិបតី Trump មិនបានផ្តល់ព័ត៌មានលម្អិតណាមួយ អំពីកិច្ចប្រជុំ ឬភស្តុតាងនៃវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាព ដូចដែលរូបលោកបានលើកឡើងនោះទេ។

ហើយការអះអាងរបស់លោក Trump ក៏ផ្ទុយនឹងការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលបាននិយាយកាលពីថ្ងៃសៅរ៍ថា យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងកាន់តែខ្លាំងថែមទៀត។

អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាថ្មីលើគ្នាទៅវិញទៅមកពេញមួយយប់កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សរាប់រាយនាក់ទាំងសងខាង។

លោក Trump ក៏បានប្រាប់បណ្តាញព័ត៌មានកាលពីថ្ងៃអាទិត្យដែរថា វានៅតែអាចទៅរួចដែលអាមេរិក នឹងចូលរួមក្នុងជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលហើយថា លោកនឹងបើកចំហចំពោះមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើជាអ្នកសម្រុះសម្រួល។

អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីរបៀបដែលលោក Trump និងសេតវិមានកំពុងធ្វើការ ដើម្បីកាត់បន្ថយស្ថានការណ៍នៅមជ្ឈិមបូព៌ានោះទេ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner