អ៊ីស្រាអែលព្រមានថា អ៊ីរ៉ង់នឹងជួបផលវិបាកដ៏ធំសម្បើម

ហ្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ បានថ្លែងគំរាមថា អ៊ីរ៉ង់នឹងប្រឈមមុខនូវការចំណាយដ៏ធំសម្បើម ពីការវាយប្រហារសម្លាប់អាយុជីវិតជនស៊ីវិលអ៊ីស្រាអែល។

នៅពេលចុះពិនិត្យទីតាំងរងការវាយ ប្រហារដោយមីស៊ីលអ៊ីរ៉ង់ លោក ណេតានយ៉ាហ៊ូ បាននិយាយថា អ៊ីរ៉ង់នឹងសងការខូចខាតពេញថ្លៃ សម្រាប់ឃាតកម្មគិតទុកជាមុនលើជនស៊ីវិល រួមមានស្ត្រី និង កុមារ។

ចំនួនអ្នកស្លាប់នៅខាងភាគីអ៊ីស្រាអែល ចាប់តាំងពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់បានចាប់ផ្តើមកាលពីថ្ងៃសុក្រទី១៣ ខែមិថុនា បានកើនឡើងដល់ ១៣នាក់។

ចំណែកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ បានកើនឡើងដល់ ១២៨នាក់ ក្នុងនោះមានស្ត្រី និងកុមារ ខណៈមនុស្សប្រមាណ ៩០០នាក់ទៀតរងរបួស។

ទន្ទឹមគ្នា អ៊ីស្រាអែលបានចេញការព្រមានឲ្យជម្លៀសប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរទីតាំងផលិតសព្វាវុធក្នុងទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអាទិត្យ ខណៈ ប្រទេសទាំងពីរ បានបន្តផ្លាស់ប្តូរការវាយប្រហារដោយមីស៊ីល។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាអ៊ីស្រាអែលនឹងវាយប្រហារទីតាំងទាំងនេះ ហើយនឹងបន្តរុះរើរបបដឹកនាំអ៊ីរ៉ង់នៅក្នុងទីក្រុងតេហេរ៉ង់ និងគ្រប់ទីកន្លែង ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរ និងប្រព័ន្ធអាវុធ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner