ទុក្ខផ្ទួនៗ យន្តហោះរបស់ Air India មួយគ្រឿងទៀត ជួបបញ្ហាពាក់កណ្តាលអាកាស

ញូវដែលី ៖ ជើងហោះហើរមួយគ្រឿងទៀតហើយរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលកំពុងធ្វើដំណើរពីទីក្រុងហុងកុង ឆ្ពោះទៅកាន់ទីក្រុងញូវដែលី ត្រូវបង្ខំចិត្តហោះបត់ត្រលប់ទៅវិញភ្លាមៗ បន្ទាប់ពីមានបញ្ហាបច្ចេកទេសនៅពាក់កណ្តាលអាកាស។

ជើងហោះហើរ AI315 របស់ Air India ដែលដំណើរការដោយយន្តហោះប៊ូអ៊ីង 787-8 Dreamliner ក្នុងទិសដៅពីទីក្រុងហុងកុង ទៅក្រុងញូវដែលី បានចាកចេញតាមការគ្រោងទុកនៅក្នុងថ្ងៃចន្ទនេះ ប៉ុន្តែបានហោះត្រឡប់ទៅហុងកុងវិញនៅពាក់កណ្តាលអាកាស បន្ទាប់ពីអាកាសយានិកបានសង្កេតឃើញថាប្រព័ន្ធដំណើរការខុសប្រក្រតី នេះបើយោងតាមប្រភពដែលដឹងពីឧប្បត្តិហេតុនោះ។

យន្តហោះនេះបានចុះចតដោយសុវត្ថិភាពក្នុងទីក្រុងហុងកុង នៅម៉ោង ១២និង១៦នាទីថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយអ្នកដំណើរទាំងអស់សុទ្ធតែមានសុវត្ថិភាព។ បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងត្រួតពិនិត្យយន្តហោះនោះ ដើម្បីកំណត់ពីមូលហេតុឬសគល់នៃបញ្ហានេះ។

ឧប្បត្តិហេតុចុងក្រោយនេះបានកើតឡើង បន្ទាប់ពីជើងហោះហើរដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន Air India ដដែលនេះ ដែលហោះពីកោះភូកេត របស់ថៃ តម្រង់ទៅកាន់ទីក្រុងញូវដែលី បានបង្ខំចិត្តស្នើចុះចតជាបន្ទាន់នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បន្ទាប់ពីទទួលបានសារគម្រាមកំហែងបំផ្ទុះគ្រាប់បែក។

ហើយវាក៏កើតឡើងបន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះប៊ូអ៊ីងរបស់ Air India ដែលសម្លាប់មនុស្សកើនឡើងដល់ ២៧៩នាក់ក្នុងទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner