ថៃបារម្ភពីសុវត្ថិភាពពលរដ្ឋខ្លួន ប្រមាណ៤ម៉ឺននាក់ នៅអ៊ីស្រាអែលនិងអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Pipat Ratchakitprakarn បានបង្ហាញពីការព្រួយបារម្ភពីសុវត្ថិភាព របស់ជនជាតិថៃ ប្រមាណ៤ម៉ឺននាក់ ស្ថិតក្នុងប្រទេសអ៊ីស្រាអែល និង អ៊ីរ៉ង់ ចំពេលដែលប្រទេស នៅតំបន់មជ្ឈិមបូព៌ាទាំងពីរ កំពុងផ្ទុះសង្គ្រាមជាមួយគ្នា ៥ថ្ងៃ ជាប់ៗគ្នា មកហើយ។

ផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Nation មន្ត្រីរូបនេះ បាននិយាយ កាលពីថ្ងៃចន្ទថា បច្ចុប្បន្ន ពលរដ្ឋថៃ ៣៩,៥០០នាក់ កំពុងធ្វើការ នៅប្រទេសអ៊ីស្រាអែល មានទំាំងស្របច្បាប់ និងទាំងគ្មានឯកសារ។ រីឯ នៅអ៊ីរ៉ង់វិញ មានពលរដ្ឋថៃ ចន្លោះពី ២០០ ទៅ ៣០០ នាក់ មានទាំងអ្នកស្នាក់ នៅអចិន្ត្រៃយ៍ និង បណ្តោះអាសន្ន។

យ៉ាងណាមិញ លោក Pipat បានអះអាងថា ថៃមិនទាន់ទទួលបានព័ត៌មាន អំពីការស្លាប់ ឬ របួសជនជាតិថៃ នៅក្នុងប្រទេសទាំងពីរនេះ នៅឡើយទេ។ ប៉ុន្តែ ក្រសួងការងារកំពុងតាមដានស្ថានភាព ជាប្រចាំ ដើម្បីរៀបចំសម្រាប់ការជម្លៀសចេញ។ លោក Pipat អះអាងថា គោលដៅជម្លៀសដំបូង គឺដើម្បីផ្លាស់ទី ទៅប្រទេសទីបី ដែលមានសុវត្ថិភាព។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារថៃ រូបនេះ ក៏បានជូនដំណឹងពីការ ផ្អាកគម្រោង បញ្ជូនពលករ ជាង ២,០០០នាក់ ទៅកាន់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ផងដែរ ដោយដំបូងឡើយ គ្រោងថា ចង់បញ្ជូនទៅ នៅក្នុងខែមិថុនានេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ជាហេតុនាំឲ្យ អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក តបត សងសឹកវិញ។ នៅអ៊ីរ៉ង់ មានអ្នកស្លាប់ជាង២២០នាក់ ភាគច្រើន ជាជនស៊ីវិល ហើយ នៅអ៊ីស្រាអែលវិញ មានស្លាប់ជនស៊ីវិល២៤ នាក់ គិតត្រឹមថ្ងៃអង្គារ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner