អ៊ីរ៉ង់ប្រាប់UNថា អ៊ីស្រាអែលហួសបន្ទាត់ក្រហមទាំងអស់
បរទេស៖ បេសកជនរបស់អ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ ហៅកាត់ UN បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់។
លោក Amir Saeid Iravani បេសកជនរបស់អ៊ីរ៉ង់ នៅអង្គការសហប្រជាជាតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការ UN បន្ថែមទៀតថា «ប្រសិនបើគ្មានអាវុធ, ការស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកនយោបាយ របស់សហរដ្ឋអាមេរិកទេ ការវាយប្រហារនេះ មិនអាចកើតឡើងបានទេ»។
អ៊ីស្រាអែល និងអ៊ីរ៉ង់បានបន្តដោះដូរការបាញ់ប្រហារ ដ៏សាហាវម្តងទៀត នៅថ្ងៃអង្គារនេះ ដែលជាថ្ងៃទីប្រាំ នៃការវាយប្រហារនៅក្នុងការប្រឈមមុខគ្នា ដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បង្កឱ្យមានការភ័យខ្លាចនៃជម្លោះ ដែលអាចកើតឡើង នៅមជ្ឈិមបូព៌ា។
ខ្មាំងសត្រូវយូរអង្វែងទាំងពីរ ធ្លាប់បានប្រយុទ្ធនឹងសង្គ្រាមស្រមោលអូសបន្លាយ តាមរយៈអ្នកតំណាង និងប្រតិបត្តិការសម្ងាត់ ដោយក្នុងនោះ អ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធ ជាច្រើន ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ រួមទាំង ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត