រថក្រោះអ៊ីស្រាអែលបាញ់លើទីតាំងចែកស្បៀងអាហារនៅហ្គាហ្សា ស្លាប់៥៩នាក់
បរទេស៖ អ៊ីស្រាអែលបានបញ្ជារថក្រោះបាញ់ទៅលើទីតាំងចែកជំនួយស្បៀងអាហារ ស្ថិតក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សា ស្ទ្រីប បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៥៩នាក់ របួសធ្ងន់ស្រាល ចំនួន២២១នាក់ ផ្សេងទៀត កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា នេះបើតាមការអះអាង របស់ក្រុមគ្រូពេទ្យ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរយធឺ នៅថ្ងៃទី១៨ ខែមិថុនានេះ។
សាក្សីនិយាយថា រថក្រោះអ៊ីស្រាអែលបានបាញ់ផ្លោង ទៅលើហ្វូងមនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នា នៅលើផ្លូវធំ ចំពេលដែលប្រជាជនទាំងនោះ មានសង្ឃឹមថា នឹងទទួលបានអាហារ ពីរថយន្តជំនួយទាំងនោះ។ សាក្សី ឈ្មោះ Alaa បានរៀបរាប់ថា «ភ្លាមៗនោះ ពួកគេបានអនុញ្ញាតឱ្យយើងឆ្ពោះទៅមុខ ហើយមនុស្សគ្រប់គ្នា ប្រមូលផ្តុំជុំជួប តែបន្ទាប់មក គ្រាប់ផ្លោង ក៏ត្រូវបានបាញ់ចេញរថក្រោះ តែម្តង»។
យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងទេ ដែលអ៊ីស្រាអែលវាយប្រហារនៅទីតាំងផ្តល់ជំនួយស្បៀងអាហារ ដោយហេតុថា អ៊ីស្រាអែលតែងតែចោទប្រកាន់ថា ជាល្បិចផ្តល់ស្បៀងដល់ក្រុមប្រដាប់អាវុធហាម៉ាស់។ បើតាម ក្រសួងសុខាភិបាលនៅហ្គាហ្សា បាននិយាយថា អ្នកទទួលស្បៀង៣៩៧នាក់ហើយដែលត្រូវបានសម្លាប់ និងរបួស ជាង៣ពាន់នាក់ទៀត រាប់ចាប់តាំងពីចុងខែឧសភាមក។
គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបង្កឡើងដំបូង នៅក្នុងខែតុលា ឆ្នាំ ២០២៣ ពោលគឺបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែល សម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។
ជាការសងសឹក ការវាយលុកយោធាជាបន្តបន្ទាប់ របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់ បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ជិត៥៥,០០០នាក់ ខណៈដែលប្រជាជនជិត ២.៣លាននាក់ ផ្លាស់ទីលំនៅ និងបង្កឱ្យមានវិបត្តិអត់ឃ្លាន យ៉ាងធ្ងន់ធ្ងរ៕
ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត