រុស្ស៊ីព្រមានអាមេរិកកុំឲ្យលូកដៃចូលសង្គ្រាមអ៊ីរ៉ង់
បរទេស ៖ ប្រទេស រុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹង “អន្តរាគមន៍យោធា” របស់ទីក្រុងវ៉ាស៊ីងតោន លូកដៃចូល ទៅក្នុងសង្គ្រាម អ៊ីរ៉ង់-អ៊ីស្រាអែល។ ជាការព្រមាន ចំពេលមានការបារម្ភថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងចូលទៅក្នុងសង្រ្គាម សហការជាមួយអ៊ីស្រាអែល។
ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា «វានឹងក្លាយជាជំហាន ដ៏គ្រោះថ្នាក់បំផុត ជាមួយនឹងផលវិបាកអវិជ្ជមាន ដែលមិនអាចទាយទុក ជាមុនបាន»។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «យើងចង់ព្រមាន ជាពិសេស ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអន្តរាគមន៍យោធា នៅក្នុងស្ថានភាពនេះ»។
អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារ ដែលមិនធ្លាប់មានពីមុន ទៅលើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ហើយ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។
ទីក្រុង មូស្គូ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ជាមួយនឹងកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ កាលពីប៉ុន្មានខែមុន។
ប៉ុន្តែវិមានក្រឹមឡាំង មិនបានផ្តល់ការគាំទ្រផ្នែកយោធា ដល់ប្រទេសអ៊ីរ៉ង់ នៅចំពោះមុខការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទេ ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងដាក់ខ្លួន ជាអ្នកសម្រុះសម្រួល តែលោកបានថ្កោលទោស អ៊ីស្រាអែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត