សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែចាត់ទុកអតីតយុទ្ធជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្តកាសអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៥ ។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី បានលើកឡើងថា ជានិច្ចកាលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា។ ក្រៅពីការរំឭកដល់វីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ ៕
ដោយ ៖ វណ្ណលុក
