ឯកឧត្ដម ឃួង ស្រេង អញ្ជើញពិនិត្យផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) មុននឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ

(ភ្នំពេញ)៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អប្រសើរ អភិបាលនៃគណៈរាជធានីភ្នំពេញនិងលោកជំទាវនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្វពិធីនិងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើងចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់និងប្រកបដោយសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អសើរ ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានការប្រគំតន្ត្រីដែលមានតារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ខេម លោក ខាន់ ជេមស៍ អ្នកនាង ខាត់ សួស្តី និងតារាល្បីៗជាច្រើនទៀត ។

គួររំលឹកថា៖ នាកិច្ចប្រជុំកន្លងមកថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានរំលឹកហើយរំលឹកទៀតថា៖ សម្រាប់ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខនេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាហើយរក្សាបានថាកម្មវិធីនេះប្រព្រឹទ្ធទៅប្រកបដោយជោគជ័យ ។

សូមបញ្ជាក់ថា ៖ ផ្លូវថ្មើរជើងនេះនឹងត្រូវបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្តនិងម៉ូតូ វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា។ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរ ដើរលេងកំសាន្តដូចរៀងរាល់សប្ដាហ៌គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner