ជើងឯកអាស៊ីអាគ្នេយ៍ សម្រាប់កម្ពុជាមិនទាន់ដល់គោលដៅចង់បាន តែនឹងពង្រឹងឱ្យខ្លាំងឆ្ពោះទៅស៊ីហ្គេមនៅថៃ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ គ្រូធំជម្រើសជាតិកីឡាការ៉ាតេកម្ពុជាលោក ហេង ផេង បានលើកឡើងថា ការដណ្តើមបានមេដាយ៥គ្រឿងរបស់កម្ពុជា ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ជាចំនួនមេដាយមិនទាន់ដល់គោលដៅដែលសហព័ន្ធចង់បាននោះទេ ប៉ុន្តែក៏ជាការសម្រួចគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាឆ្ពោះទៅស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។

ថ្លែងបញ្ជាក់របស់គ្រូធំរូបនេះ ក្នុងឱកាសដឹកនាំប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុបចំនួន ៣៣នាក់ ធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គ្រូធំជម្រើសជាតិខាងលើ បានគូសបញ្ជាក់ថា ការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ឆ្នាំ២០២៥នេះ គឺមានកីឡាករ កីឡាការិនីចូលរួមមកពី៩ប្រទេសក្នុងតំបន់ ហើយចំពោះការប្រកួតប្រជែងពិតជាខ្លាំងក្លាណាស់ ដោយសារតែបណ្តាប្រទេសនានាបានបញ្ជូនអត្តពលិករបស់ខ្លួនច្រើន ក្នុងនោះវៀតណាមបញ្ជូនអត្តពលិក ១០០នាក់ ថៃ ៧០នាក់ ខណៈកម្ពុជាបញ្ជូន ៣៣នាក់ ក្នុងនោះកីឡាករ កីឡាការិនី២៥នាក់ ហើយដណ្តើមបានមេដាយសរុប ៥គ្រឿង មានមេដាយប្រាក់១ និងសំរឹទ្ធ៤។

លោក សង្កត់ធ្ងន់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតំបន់នេះ គឺអត្តពលិកកម្ពុជាមានលក្ខណៈល្អប្រសើរលើផ្នែកគុណភាពដែរ ប៉ុន្តែយើងមិនអាចឈានដល់កម្រិតមេដាយមាស ឬមេដាយផ្សេងៗឱ្យបានច្រើន ដោយសារតែអត្តពលិកក្នុងតំបន់ខ្លាំងៗ ជាពិសេសវៀតណាមបញ្ជូនអត្តពលិកច្រើន ហើយមានភាពលេចធ្លោខ្លាំងក្នុងគុណភាពបច្ចេកទេសលើគ្រប់វិញ្ញាសាទាំងអស់ ដោយធ្វើឱ្យវៀតណាមឈរនៅលំដាប់លេខ១ ខណៈកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧។
ក្នុងនាមក្រុមប្រតិភូ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលតែងតែលើកទឹកចិត្តគាំទ្រជំរុញឱ្យជំនាញកីឡាមួយនេះបោះជំហានបានរីកចម្រើជាជំហានៗ និងបានចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់។

ជាមួយគ្នានេះ ម្ចាស់មេដាយប្រាក់១លើវិញ្ញាសាទម្ងន់ក្រោម ៦០គីឡូក្រាម កីឡាករ លី គួយហាវ បានបង្ហាញរីករាយជាខ្លាំង ដែលដណ្តើមបានមេដាយប្រាក់១គ្រឿជូនជាតិ ក្នុងជើងឯកអាស៊ីអាគ្នេយ៍នេះ ហើយខ្លួននឹងបន្តការខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពបន្ថែម ដើម្បីប្រជែងមេដាយកម្រិតខ្ពស់ៗ ក្នុងការប្រកួតអន្តរជាតិ ខាងមុខ។
គួរបញ្ជាក់ថា មេដាយទាំង៥គ្រឿងរបស់កម្ពុជា ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ លី គួយហាវ ទទួលបានមេដាយប្រាក់ ១គ្រឿង ក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ខណៈមេដាយសំរឹទ្ធ២គ្រឿងដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ដោយកីឡាការិនី ឆន ស្រីភា ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ ស្រៀង វិរៈ ក្នុងប្រភេទទម្ងន់ ៨៤គីឡូក្រាមឡើង។ ចំពោះមេដាយសំរឹទ្ធ ២ គ្រឿងទៀត ដែលរកបាននៅថ្ងៃចុងក្រោយ គឺលើប្រភេទវិញ្ញាសាប្រយុទ្ធក្រុមនារី និងវិញ្ញាសាប្រយុទ្ធក្រុមបុរស៕

រូបភាព ជីភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner