មន្រ្តីនៃមន្ទីរចំនួនបីជួបប្រជុំគ្នានិយាយអំពីការគ្រប់គ្រងនិងប្រើប្រាស់ទឹក

បន្ទាយមានជ័យ៖ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីរបរិស្ថាន​នៃរដ្ឋបាល​ខេត្តបន្ទាយ​មានជ័យបានជួបប្រជុំគ្នានៅចុងសប្ដាហ៍​នេះ នាសាលប្រជុំសាលាខេត្ត ។ជាកិច្ចប្រជុំដ៏សំខាន់មួយ ​ខណៈ​ដែលក្រសួងទាំងបីដែល​ជាអាណា​ព្យាបាលបានប្រកាសរួមគ្នា​កាលពីពេលកន្លងទៅថ្មីៗនេះ កំណត់អំពី​ការ​​ធ្វើសកម្មភាពរួមគ្នាលើការងារអាទិភាពមួយចំនួន។

កិច្ចប្រជុំដែលដឹកនាំដោយលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត​បន្ទាយ​មានជ័យ បានផ្តោតលើ​ការគ្រប់គ្រងទឹក​និងប្រើប្រាស់ទឹក​ធ្វើយ៉ាងណាឱ្យ​បានល្អ ,ឱ្យចំគោលដៅប្រកបដោយភាពសន្សំសំចៃ ស្របនឹងបម្រែបម្រួល​អាកាស​ធាតុផងដែរ។

ដោយសារតែខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំតែង​តែជួបនូវ​ជំនន់ទឹកភ្លៀងផង និងភាពរាំងស្ងួតខ្វះទឹកនៅ​តំបន់​ខ្លះដោយសារ​ការធ្វើស្រូវបង្កើ់នរដូវរបស់កសិករផងនោះ ក្នុងកិច្ចប្រជុំក៏បានផ្ដោត​ទៅលើការពង្រឹងសហគមន៍​ប្រើ​ប្រាស់​ទឹកប្រកបដោយទំនួលខុសត្រូវ ,សហការសាមគ្គីគ្នា​ល្អ​។ទន្ទឹមនេះការជួសជុលប្រព័ន្ធធារាសាស្រ្ត ក៏ស្ថិតក្នុង​ការយកចិត្តទុកដាក់ផងដែរ។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ដើម្បីឱ្យការគ្រប់គ្រងនិងប្រើប្រាស់ទឹក​បាន​ល្អ អាជ្ញាធរមូលដ្ឋានត្រូវ​បន្តសហការចូលរួមជាមួយមន្រ្តីជំនាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេសកសិករ អំពីបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យពួកគាត់បន្សាំ​ខ្លួន​ក្នុងស្ថានភាពនេះទាំងជីវភាពរស់នៅនិងការធ្វើកសិកម្ម។ គ្រប់គ្រង​​ឱ្យបានច្បាស់លាស់លើទិន្ន័យព័ត៌មានទាក់ទងនឹងភូមិសាស្ត្រ​,ប្រព័ន្ធធារាសាស្ត្រជាដើម។ជាងនេះទៀតគឺការថែរក្សាប្រភពទឹក និងបង្កើតប្រភពទឹក៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner