ផ្លូវក្រាលក្រួសក្រហមចំនួន ៣ភូមិ ដែលជាអំណោយគម្រោងរេដបូកបានជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំជីផាត ប្រែប្រួលមុខមាត់ថ្មី
(កោះកុង)៖ ផ្លូវក្រាលក្រួសក្រហមដែលបានកសាងជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុង ស្រុកថ្មបាំង ខេត្តកោះកុង បានបម្រើក្នុងជីវិតប្រចាំថ្ងៃ និងជាសរសៃឈាមសំខាន់ទាំងការដឹកជញ្ជូន វិស័យទេសចរណ៍ កសិកម្ម ហើយត្រូវបានលើកស្ទួយជីវភាពពួកគាត់កាន់តែប្រសើរឡើង ។

គួរបញ្ជាក់ថា ផ្លូវ ភូមិក្រាលគ្រួសក្រហម ទាំង៣ខ្សែដែលជាអំណោយនៃគម្រោងរេដបូកនៃជួរភ្នំក្រវាញខាងត្បូងនេះដែរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋមួយរូប លោក សុន សុភឿន បានប្រាប់ឱ្យដឹងថា៖ក្រោយកសាងផ្លូវរួចរាល់ ដែលជាគម្រោងរបស់រេដបូកនេះមកឃើញថាសន្ទុះនៃចរាចរដឹកជញ្ជូនល្អប្រសើរណាស់ក្នុងនេះមិនថាជាប្រជាពលរដ្ឋ សិស្សានុសិស្សទេគឺអាចប្រើប្រាស់បានងាយស្រួលខុសប្លែកពីមុនផ្លូវតូច ហើយសម្បូរដោយជង្ហុកពិបាកក្នុងការធ្វើដំណើរណាស់។ ក្រៅពីនេះបើនិយាយពីវិស័យទេសចរណ៍វិញក្រោយមានផ្លូវមកគឺអ្នកទេសចរអាចធ្វើដំណើរតាមរថយន្តតូចធំមកកាន់ទីកន្លែងនេះមិនពិបាកទៀតឡើយ។

លោកបានប្រាប់ថា តាមរយៈការជួយឧបត្ថម្ភជាច្រើនដែលក្នុងនេះរួមមានទាំង អណ្តូងទឹក ផ្លូវថ្នល់ អាហាររូបករណ៍សិស្ស ជួយកសាងមណ្ឌលសុខភាព នោះបានធ្វើឱ្យសហគមន៍ទេសចរណ៍ជីផាត ផ្លាស់ប្តុរមុខមាត់ថ្មី ខុសគ្នាឆ្ងាយណាស់ ពោលគឺបើគេគ្រាន់តែគិតត្រឹម ឆ្នាំ២០២៣ដល់ឆ្នាំ២០២៥នេះឃើញថាទាំងវិស័យទេសចរណ៍ និងជីវភាពពលរដ្ឋមានប្តូរផ្លាស់រកនឹកស្មានមិនដល់ទេ។ក្នុងនេះពលរដ្ឋមានផ្ទះល្អៗរស់នៅ មានរថយន្ត មានមុខរបរច្បាស់លាស់ និងពិសេសកូនៗរបស់ពួកគាត់រៀនបានកាន់តែខ្ពង់ខ្ពស់។

លោក ហង្ស សុខហេង គណៈកម្មាធិការ នៃ សហគមន៍ ទេសចរណ៍ជីផាតបានប្រាប់ឱ្យដឹងថា ៖ គម្រោងរេដបូកបានជួយផ្លូវចំនួន ៣ភូមិ ស្ថិតនៅឃុំ ជីផាត ក្នុងនេះភូមិនីមួយៗបានផ្លូវក្រាលក្រួសក្រហមមួយគីឡូម៉ែត្រ។អំណោយផ្លូវ ទាំងនេះដែរពិតជាបានជួយសម្រួលយ៉ាងច្រើនទៅលើការដឹកជញ្ជូនដំណាំកសិកម្ម វិស័យទេសចរណ៍ កូនសិស្សទៅសាលារៀន ។ ក្រៅពីនេះក៏បានជួយបង្កើតជាមុខរបរសម្រាប់ពលរដ្ឋ ជួយបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឱ្យពួកគាត់រកចំណូលពីភ្ញៀវទេសចរណ៍ ដូចជា ការលក់ដូរម្ហូបអាហារ និងការផ្ដល់សេវាស្នាក់នៅដល់អ្នកទេសចរ និងធ្វើការងារជាភ្នាក់ងារការពារព្រៃឈើសហគមន៍ជាដើម។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរគឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។
ឯកឧត្តម បានបញ្ជាក់ផងថា នាពេលបច្ចុប្បន្នក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍តាមរយៈក្នុងនេះទី១ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។
គួរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ជីផាត ជាតំបន់សហគមន៍ទេសចរណ៍បែបធម្មជាតិបែបផ្សងព្រេងដ៏មានសក្តានុពលបំផុតមួយដែលគេ ប្រៀបប្រដូចទៅនឹងកំណប់ធនធានធម្មជាតិ ។ក្រៅពីនេះក៏ជាទីកន្លែងសម្រាប់សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែម បូរិន
