អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត

(ភ្នំពេញ)៖ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេស​ថៃ​ដែល​កង​ទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែង​តែប្រើវិធីគំរាមនិងដាក់សម្ពាធ​មកលើ​កម្ពុជាជានិច្ច។ ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់​មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុង ក្រោយ នេះ គេបានគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជាក្រោមអំនួតថា កម្ពុជា នឹង វេទនា ដោយ​​សារពួកគេ ។

អាកប្បកិរិយាបែបមើលស្រាលកម្ពុជានេះកើតឡើងដោយសារកងទ័ពថៃនិងអ្នកនយោ​បាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង លង់លក់ក្នុងអំនួតហើយមិន​បាន​សិក្សាពីកម្ពុជាឱ្យបានច្បាស់ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។ ពួកគេ​នៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍ ​៨០នៅឡើយ​ដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។ ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច កម្ពុជា ​ច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន ។

ប៉ុន្តែ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកនាំប្រេង​ឥន្ធនៈនិងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធានិងរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជា​ដាក់​ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ សម្តេ​ច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជា​មិន​មែន​ជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះ​កំពុងធ្វើឱ្យ​ថៃ​ខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹក​ចង់វិលថយក្រោយវិញ។

ប៉ុន្តែ ដោយសារតែខ្លួនធ្លាប់តែមានអំនួត ដូច្នេះ ថៃត្រូវរកលេសណាមួយ​ដែលបង្ហាញ​ថា កម្ពុជាសុំចរចាដើម្បីបើកច្រកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញ។ នេះគឺជា​ហេតុផលដែលនាយករដ្ឋមន្ត្រីថៃទូរសព្ទស្ងាត់ៗមកសម្តេចតេជោ ហ៊ុន សែន ហើយ​ព្យា​យាម​ប្រើប្រាស់មនោសញ្ចេតនារាប់អានគ្នាដើម្បីទាក់ទាញឱ្យមានការចរចា។ ប៉ុន្តែ កលល្បិចបែបនេះមិនអាចបន្លំភ្នែកអ្នកនយោបាយជើងចាស់​ប្រកបដោយ​បទ​ពិសោធន៍ជោគជាំដូចសម្តេចតេជោ ហ៊ុន សែន បានឡើយ។

ពេលនេះថៃស្ថិតក្នុងស្ថានភាពជ្រុលក្បាលក្រពើ៖ ចង់ថយក្រោយវិញក៏មិនកើតព្រោះ​តែអំនួត តែបើបន្តបែបនេះទៅមុខទៀត ការខាតបង់សេដ្ឋកិច្ចកាន់តែធំ ប្រជាពលរដ្ឋ​កាន់​តែមិនសប្បាយចិត្ត ខណៈផ្ទៃក្នុងនយោបាយកាន់តែវ៉ល់។ កម្ពុជាមិនបាន​បង្ក​ហេតុ​ទេហើយសន្សំតែសុខប៉ុណ្ណោះ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យថៃមើលស្រាល​ទៀត​ដែរ។ ផ្ទុយទៅវិញ កម្ពុជាក្នុងសករាជតេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួតប្រសិន​បើ​ថៃ​ហ៊ានប្រមាថ ៕

ដោយ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner