សម្តេចនាយករដ្ឋមន្ត្រី៖ កម្ពុជា មិនខ្លាចភាគីថៃ ប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដើម្បីគំរាមនោះទេ
(សៀមរាប)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា មិនខ្លាចការគំរាមកំហែងពីភាគីថៃ ដែលបានប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដើម្បីគំរាមមកលើកម្ពុជានោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានៅសាលសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា មិនខ្លាចការគំរាមកំហែងពីភាគីថៃ ដែលបានប្រើប្រាស់ សេដ្ឋកិច្ចជាអាវុធ គំរាមមកលើកម្ពុជានោះឡើយ គឺកម្ពុជា គ្រាន់តែធ្វើ តាមក្រោយតែប៉ុណ្ណោះ ដើម្បីឆ្លើយតបការគំរាមកំហែងពីថៃ ។
សម្តេចធិបតី បានថ្លែងថា ភាគីថៃ បានគំរាមកាត់ភ្លើង កាត់អ៊ីនធើណេត និងលាបពណ៌មកលើកម្ពុជា ដោយអាងថា ខ្លួនមានសេដ្ឋកិច្ចខ្លាំង ហើយរហូតដល់ហ៊ាន ចូលមកបាញ់សម្លាប់ទាហ៊ានខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទៀតផង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យថៃ ចេះតែបន្តគំរាម កម្ពុជា បានសម្រេចចិត្តឈប់ទិញ ភ្លើង និងប្រើអ៊ីនធើណេតពីថៃតែម្តង ហើយថ្មីៗនេះ សម្រេចបិទ ការនាំចូលប្រេង និងឧស្ម័នគ្រប់ប្រភេទពីថៃថែមទៀតផង ដែលទាំងអស់នេះ កើតឡើងដោយសារភាគីថៃ ជាអ្នកបង្កមុន ។
សម្តេចក៏បានផ្តាំទៅភាគីថៃម្តងទៀតពាក់ព័ន្ធនឹងការបិទច្រកព្រំដែនថា ដរាបណាភាគីថៃ បើកច្រកជាឯកតោភាគីវិញ ទើបកម្ពុជា សម្រេចបើកវិញដែរ ហើយការបើកនេះ គឺមិនមែនតែមួយច្រកទេ គឺគ្រប់ច្រកទាំងអស់ ទើបកម្ពុជាបើក ។
កម្ពុជា មិនចង់បិទច្រកព្រំដែនទេ ដោយសារកងទ័ពថៃ បិទព្រំដែនមិនបានពិភាក្សាជាមួយកម្ពុជា។ បើកងទ័ពថៃ បើកដោយឯកោភាគី កម្ពុជា និងអនុវត្តតាមក្នុងរយៈពេល ៥ម៉ោងក្រោយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ការបិទដោយឯកតោភាគី គួរគិតគូរពីអត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៅតាមព្រំដែន។ ការបិទព្រំដែននេះ កុំចោទដាក់មកកម្ពុជា សំខាន់កងទ័ពថៃ ឬក៏រាជរដ្ឋាភិបាលថៃ បើកដោយឯកតោភាគី កម្ពុជា នឹងបើកច្រកតាមក្រោយ។
សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃ ជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជា មិនធ្វើដូច្នោះទេ គឺកម្ពុជា ធ្វើសម្បទានឱ្យថៃបើសិនជាថៃបើកវិញមុន កម្ពុជា ក៏បើកព្រំដែនវិញដែរ ព្រោះភាគីថៃ ជាអ្នកបិទជាឯកតោភាគីមុន។ ពាក់ព័ន្ធនឹងការបិទ-បើក ច្រកព្រំដែននេះ ដែរ សម្តេចបានគូសបញ្ជាក់ដែរថា បើសិនភាគីថៃ មិនព្រមបើកច្រកមុនទេ កុំនិយាយរឿងកិច្ចប្រជុំចរចាឱ្យសោះរួមមាន កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ថ្នាក់តំបន់ជាដើម គឺកម្ពុជា មិនចរចាជាដាច់ខាត ។
សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺកម្ពុជា មិនធ្វើខ្លួនឱ្យពុះកញ្ជ្រោលនោះទេ ពោល នឹងធ្វើខ្លួនដូចជាពស់អីចឹង ដោយមិនស្រែកឡូឡា មិនរញ៉េរញ៉ៃ ប៉ុន្តែចឹកឱ្យស្លាប់តែម្តង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



