អ៊ីរ៉ង់បាញ់ស្រោចមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅកាតា និងអ៊ីរ៉ាក់

តេហេរ៉ង់ ៖ ភ្លាមៗ ក្រោយបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅកាតា និងអ៊ីរ៉ាក់ ប្រទេសអ៊ីរ៉ង់បានចេញមុខអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹកដែលអាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែររបស់ខ្លួន។

ប្រទេសកាតា ដែលស្ថិតនៅចម្ងាយ ១៩០គីឡូម៉ែត្រ ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ និងជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដោយជោគជ័យនូវការវាយប្រហារដោយមីស៊ីលសំដៅលើមូលដ្ឋានទ័ពអាកាស Al Udeid។

រីឯមន្ត្រីការពារជាតិអាមេរិកនិយាយថា មូលដ្ឋាន Al Udeid ពិតជាបានរងការវាយប្រហារដោយមីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមរបស់អ៊ីរ៉ង់ ប៉ុន្តែគ្មានអ្នកណាម្នាក់រងរបួស ក្នុងការវាយប្រហារនោះទេ។

ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់និយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ជាការឆ្លើយតបនឹងសកម្មភាពឈ្លានពាន និងគឃ្លើនរបស់អាមេរិក ប្រឆាំងទីតាំង និងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង។

ក្រុមប្រឹក្សានេះថា ចំនួនមីស៊ីលដែលប្រើ គឺមានចំនួនស្មើគ្នានឹងចំនួនគ្រាប់បែក ដែលអាមេរិកវាយប្រហារអ៊ីរ៉ង់ថ្មីៗនេះដែរ។

ក្រៅពីកាតា ប្រទេសអ៊ីរ៉ង់ត្រូវបានកាសែត The New York Times រាយការណ៍ថា ក៏បានបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner