អ៊ីស្រាអែលថាអ៊ីរ៉ង់ជាភេរវករ ក្រោយបាញ់មូលដ្ឋានទ័ពអាមេរិក

បរទេស ៖ ប្រទេស អ៊ីស្រាអ៊ែល បានប្រកាស ចាត់ទុកអ៊ីរ៉ង់ថា ជារដ្ឋភេរវករ ភ្លាមៗ បន្ទាប់ពីសាធារណរដ្ឋឥស្លាម មួយនេះ បានវាយប្រហារ លើមូលដ្ឋានទ័ព របស់អាមេរិក សងសឹកនឹងអាមេរិកទម្លាក់គ្រាប់បែក កម្ទេចទីតាំងនុយក្លេអ៊ែរ របស់ខ្លួន កាលពីចុងសប្តាហ៍។

អ្នកនាំពាក្យ កងទ័ពអ៊ីស្រាអែល លោក Effie Defrin បាននិយាយ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះថា «វាគឺជាភស្តុតាងបន្ថែមទៀត នៃអរិភាព និងអំពើហឹង្សា និងការពិតដែលថា អ៊ីរ៉ង់ ជារដ្ឋភេរវករ»។

គួរបញ្ជាក់ថា អ៊ីរ៉ង់ទើបបានសងសឹក នឹងអាមេរិក ដោយបានបាញ់មីស៊ីល លើមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសកាតា ជារដ្ឋដែលមានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់នោះ។ មន្ត្រីការពារជាតិអាមេរិក បាននិយាយថា «កាំជ្រួចផ្លោង រយៈចម្ងាយខ្លី និងមធ្យម» ត្រូវបានបាញ់រះ យ៉ាងច្រើន មកលើមូលដ្ឋានទ័ពអាមេរិក។

ភ្លាមៗ ប្រទេស កាតា បានប្រកាសបិទដែនអាកាសរបស់ខ្លួន ជាបណ្តោះអាសន្ន ខណៈពេលដែលស្ថានទូតអាមេរិក និងបេសកកម្មបរទេសផ្សេងទៀត បានព្រមានពលរដ្ឋ របស់ពួកគេ ឱ្យជ្រកកោន នៅកន្លែង មានសុវត្ថិភាព។

គួរបញ្ជាក់ថា សង្គ្រាមអ៊ីរ៉ង់បានផ្តើមចេញដំបូង ពីការវាយប្រហារ របស់អ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែមិថុនា ហើយអ៊ីរ៉ង់ក៏បានបាញ់តបត ទៅលើប្រទេសអ៊ីស្រាអែល មុនពេលអាមេរិកទម្លាក់គ្រាប់បែក B-2 Spirit លើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner