តបជាមួយខំមិនរបស់ក្រុមជ្រុលនិយមថៃ សម្តេចតេជោ ហ៊ុន សែន ប៉ាន់ស្មានថា ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ និងថា ចោរសៀម កុំភ្លេចសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានប្រឹទ្ធសភាកម្ពុជា បានលើកឡើងដោយការប៉ាន់ស្មានថា ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយខ្ញុំ ក៏អាចដឹងមុនថា ជាអ្នកណា នឹងធ្វើនាយករដ្ឋមន្ត្រី ។
តាមរយៈ Comment នៅលើ Facebook នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ ការបង្ហោះរបស់ខ្ញុំថ្ងៃនេះ ចង់ដឹងថា ពួកចោរឈ្លានពាន វាចូលមករំខាន Facebook របៀបណាខ្លះ?
តាមរយៈការចូលមករំខាន យើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ នៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្កហេតុ មិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ ។ រឿងនេះ យើងអាចវាយតម្លៃបាន គឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុង មកជាជម្លោះជាមួយកម្ពុជាទៅវិញ ។ តែទោះពួកអ្នក ប្រឹងដល់កំរិតណា ក៏ជម្លោះដណ្តើមអំណាច មិនអាចរលត់បានដែរ ។
សម្ដេចតេជោបន្តថា តាមការស្មានរបស់ខ្ញុំ ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថា ជាអ្នកណា នឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេ ទុកឲ្យឆ្ងល់ ។ សូមពួកអ្នក ប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុង ជាជាងមករំខានខ្ញុំ ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លេីយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Detchai Sanporn ថា ចោរសៀម កុំភ្លេចសិទ្ធសញ្ញាបារាំង សៀម ១៩០៤ និង ១៩០៧ នឹងផែនទីនោះផង ។ កុំប្រើផែនទីចោរ ដែលគូសដោយខ្លួនឯង ដើម្បីដីខ្មែរ ។
បើតាមអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចតេជោ ឆ្លេីយតបចោរសៀមថា លេីលោកនេះ គ្មាននរណាខូច គូសផែនទីដោយចិត្តឯង ចង់បានដីគេ ។ សម័យតេជោ និងធិបតី ប្រជាជនខ្មែរសាមគ្គីគ្នា មិនឱ្យចោរអលជ្ជីលួចដីដូនតាបានទេ ៕
ដោយ ៖ វណ្ណលុក

