ឯកឧត្តម ខ្វៃ អាទិត្យា៖សហគមន៍តំបន់ការពារធម្មជាតិពោរពេញទៅដោយសក្តានុពល និងជាទីកម្សាន្តដ៏ជាទីមនោរម្យ
(កំពង់ឆ្នាំង)៖ សហគមន៍តំបន់ការពារធម្មជាតិកម្ពុជា ពោរពេញទៅដោយសក្តានុពល ដែលនេះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ទីកម្សាន្តរបស់អ្នកទេសចរ និងក៏ជាឱកាសល្អរបស់ពួកគេបានជួបដោយផ្ទាល់ជាមួយធម្មជាតិ និងបានស្គាល់នូវទីកម្សាន្តដ៏មនោរម្យទាំងនេះ។
ក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេសចរណ៍ចំនួន៣ខេត្តពោលគឺ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំងចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៥ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា បានថ្លែងថា៖ តាមរយៈការអភិរក្សក្នុងនេះមានទាំងព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀតក្រសួងបានសហការជាមួយប្រជាពលរដ្ឋសហគមន៍ដើម្បីគ្រប់គ្រងតំបន់ធនធានធម្មជាតិទាំងនោះ។ ពួកគាត់ជារនាំងការពារមួយដើម្បីជួយការពារការរិចរិល និងការបាត់បង់ព្រៃឈើដ៏សំខាន់មួយផងដែរ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា”នៅតាមសហគមន៍តំបន់ការពារធម្មជាតិរបស់យើងមានសត្វព្រៃ និងទេសភាពព្រៃឈើដ៏ស្រស់ស្អាតល្អឯក។ ទាំងនេះជាការដែលយើងអាចទាញយកលើវិស័យទេសចរណ៍ ដោយបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាសហគមន៍ទាំងមូល ក៏អាចទាញយកប្រយោជន៍ពីគោលដៅលម្ហែបៃតង។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថាតំបន់ការពារធម្មជាតិមានសក្តានុពលច្រើនសម្រាប់លំហែបៃតងក្នុងនេះដូចជាតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រសួងបានរៀបចំបោះតង់ស្នាក់លំហែបៃតងចំនួន១០កន្លែង ,ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យមានកន្លែងវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាទីកន្លែងសំរាកលំហែបែបសាសនា លំហែបៃតង។ នៅតាមសហគមន៍នានាក្រសួងបរិស្ថានតាមរយៈដៃគូអភិវឌ្ឍន៍ឬគម្រោងអភិវឌ្ឍន៍នោះបានជួយទាំងទឹកស្អាត បង្គន់អនាម័យក៏ដូចជារៀបចំកន្លែងបោះតង់ ក៏ដូចជាកន្លែងកម្សាន្តនៅតាមសហគមន៍តាមតំបន់ការពារធម្មជាតិទាំងនោះដែលមានសក្តានុពលសម្រាប់បង្កើតលំហែបៃតង ។
ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាតាមរយៈការជំរុញនេះសហគមន៍អាចរកចំណូលកាន់តែប្រសើរ។ដោយឡែកបើយើងក្រឡេកមើលនៅខេត្តកំពង់ឆ្នាំងវិញ ស្ថិតនៅជិតរាជធានីភ្នំពេញ។ហេតុនេះអ្នកទេសចរអាចមកកម្សាន្ត និងបោះតង់។ ដូចជាសក្តានុពលសហគមន៍តំបន់ការពារធម្មជាតិ ភូមិ ស្លែង នៃ ដែនជម្រកសត្វព្រៃ”ភ្នំឱរ៉ាល់”ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំ ទួលខ្ពស់ ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង ដែលមើលទៅស្អាតល្អ មានទឹកជ្រោះ មានព្រៃឈើ និងលើសពីនេះទៀតទីកម្សាន្តដែលជាទីមនោរម្យនោះបានរៀបចំយ៉ាងស្រស់ស្អាតប្រកបដោយផាសុកភាព។ទីនេះ ជាទីកម្សាន្តគ្រប់រដូវកាល។
ក្រៅពីនេះក៏មាននៅតាមសហគមន៍ផ្សេងៗទៀត ក្រសួងបរិស្ថានតាមរយៈដៃគូអភិវឌ្ឍន៍ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ បានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទាំងទឹកស្អាត បង្គន់អនាម័យ ក៏ដូចជា រៀបចំទីតាំងបោះតង់ ឬកន្លែងសម្រាកកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ដែលមាន សក្តានុពលសម្រាប់ការបង្កើតនូវគោលដៅលំហែបៃតង ឬហៅថា ទីលំហែបៃតង។
ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកទេសចរធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ រួមគ្នាស្រឡាញ់ធម្មជាតិ ហើយត្រូវកម្សាន្តនៅតំបន់ការពារធម្មជាតិនានានៅកម្ពុជា ដើម្បីស្វែងយល់អំពីមាតុភូមិដ៏ស្រស់ស្អាតមួយនេះ និងជាប្រទេសមានសក្តានុពលដ៏សម្បូរបែប ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែម បូរិន









