រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ពេញមួយថ្ងៃពេញ ដែលមានទាំងការធ្វើបទបង្ហាញ និងសួរសំណួរ ចម្លេីយ ធ្វើឱ្យមន្ត្រីដែលទទួលការបណ្តុះបណកតាលទទួលបានចំណេះដឹងជាង ៨០%។
វគ្គបណ្តុះបណ្តាលនេះបាន បិទបញ្ចប់នាល្ងាចថ្ងៃទី២៤ មិថុនាឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីនៅថ្នាក់ក្រោមជាតិជិត ២០០នាក់ ។
វគ្គបណ្តុះបណ្តាលបានបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ការរៀបចំវេទិកាសាធារណៈ រៀបចំទម្រង់របាយការណ៍អំពីសកម្មភាពការងារចុះមូលដ្ឋានរាជធានីជាដើម ។
ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ៖ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព កាន់តែល្អប្រសើរជាងមុន ។
ឯកឧត្តម សក់ សេដ្ឋា បានបន្តថា ៖ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនាពេលកន្លងមក រាជរដ្ឋាភិបាលបាន ចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ហើយការបង្កើតឱ្យមានក្រុមការងារនេះ គឺដើម្បីពង្រឹង អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច បានបំរើប្រជាពលរដ្ឋចំគោលដៅដែលពួកគាត់ចង់បាន៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ