ក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល” រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា ស្របតាមស្មារតីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាល VERIFY.GOV.KH នេះ នឹងរួមចំណែកបំពេញបន្ថែម នូវសុក្រឹតភាព និងភាពឆាប់រហ័សនៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលផងដែរ។
ឯកឧត្តម ជា សេរីវឌ្ឍ បានជម្រាបជូនអង្គពិធីថា កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿនការប្រើបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) សម្រាប់ការអភិវឌ្ឍនិងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគាំពារសង្គម ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មនិងសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម។
គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបន្ថែមទៀតនូវការជំរុញ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយប្រើថ្នាល VERIFY.GOV.KH ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនានា ក្នុងរំហូរនៃការចុះបញ្ជី និងបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ លើ “ថ្នាលគាំពារសង្គមឌីជីថល” (Digital Social Protection Platform) ជូនដល់អ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា












