ថៃ ៖ បាតុកររាប់ពាន់នាក់ ទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញ
បរទេស ៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី លាលែងពីតំណែង បន្ទាប់ពីមានការលេចធ្លាយ ការសន្ទនា តាមទូរស័ព្ទ។
បាតុករប្រហែល ១ម៉ឺននាក់ បានជួបជុំ បង្កឲ្យមានការកកស្ទះផ្លូវ នៅវិមានជ័យជំនះ ដោយបានគ្រវីទង់ជាតិថៃ និងបដា ដែលសរសេររៀបរាប់ ទាមទារឲ្យ លោកស្រី Paetongtarn Shinawatra ឈប់ពីតំណែង។ វាគ្មិនម្នាក់ ថែមទាំងបានឡើង ទៅលើវេទិកា ហើយស្រែកថា នាយករដ្ឋមន្ត្រីប្រព្រឹត្ត អំពើក្បត់ជាតិ។
បាតុករ ឈ្មោះ Seri Sawangmue វ័យ៧០ឆ្នាំ ដែលបានធ្វើដំណើរមួយយប់ តាមរថយន្តក្រុងពីភាគខាងជើង របស់ប្រទេស ដើម្បីចូលរួម បាននិយាយថា «ខ្ញុំមកទីនេះ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ» ហើយនិយាយទៀតថា «នាយករដ្ឋមន្ត្រី មិនសាកសមទេ»។
អាជ្ញាធរ បានអះអាងថា ប៉ូលីសជាង១,០០០នាក់ និងមន្ត្រីក្រុងបាងកក ១០០នាក់ ត្រូវបានដាក់ពង្រាយ ទប់ទល់នឹងការតវ៉ា អហិង្សា នាពេលនោះ។
ជាការកត់សម្គាល់ នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ តុលាការធម្មនុញ្ញនឹងសម្រេចថា តើត្រូវទទួលយកញត្តិ ដាក់ដោយសមាជិកព្រឹទ្ធសភា ដែលស្វែងរកការដកតំណែងលោកស្រី ជុំវិញការចោទប្រកាន់ថា «គ្មានវិជ្ជាជីវៈ» ឬ យ៉ាងណា។ គួរបញ្ជាក់ថា លោកស្រី Paetongtarn ក្នុងវ័យ ៣៨ឆ្នាំ បានចូលកាន់តំណែង មិនទាន់បានមួយឆ្នាំ នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត








