អ៊ីរ៉ង់ អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមម្តងទៀត

បរទេស ៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA បានអះអាង កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ម្តងទៀត ក្នុងរយៈពេលជាច្រើនខែ។

លោក Rafael Grossi ប្រធាន IAEA បាននិយាយថា អ៊ីរ៉ង់ទំនងជានឹងអាចចាប់ផ្តើម ផលិតសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់បាន “ក្នុងរយៈពេលប៉ុន្មានខែ” ទោះបីជាមានការខូចខាត ដល់កន្លែងនុយក្លេអ៊ែរជាច្រើន ដោយសារតែពីការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ក៏ដោយ។

គួររម្លឹកថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ទម្លាក់គ្រាប់បែក លើទីតាំងនុយក្លេអ៊ែរ និងយោធា របស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយនិយាយថា ជាការវាយប្រហារ ក្នុងគោលបំណង រារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ លើកន្លែងសំខាន់ ចំនួនបី ដែលប្រើប្រាស់សម្រាប់កម្មវិធីបរមាណូ របស់ក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ធ្លាប់បាននិយាយថា ទំហំនៃការខូចខាតដល់ទីតាំងនុយក្លេអ៊ែរគឺ “ធ្ងន់ធ្ងរ” ប៉ុន្តែព័ត៌មានលម្អិត មិនត្រូវបានគេដឹងនោះទេ។ រហូតមកដល់ពេលនេះ សាធារណរដ្ឋអ៊ីស្លាម នៅតែបន្តបដិសេធថា ខ្លួនមិនបានផលិតគ្រាប់បែកនុយក្លេអ៊ែរទេ ព្រោះជាកម្មវិធី បម្រើឲ្យវិស័យស៊ីវិល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner