ប្រជាសហគមន៍ចូលរួមបណ្តុះកូនឈើ និងដាំដើមឈើ មានអត្ថន័យយ៉ាងធំធេងដើម្បីបន្តមរតកកូនចៅស្រឡាញ់បរិស្ថាន
(កំពង់ឆ្នាំង)៖ ប្រជាសហគមន៍ដែលបានចូលរទមបណ្តុះកូនឈើដោយខ្លួនឯងគឺ មានអត្ថន័យយ៉ាងធំធេង ពួកគាត់រស់នៅជាមួយព្រៃឈើ គ្រួសារគាត់ពឹងពាក់ជាមួយព្រៃឈើនេះ ដើម្បីចិញ្ចឹមជីវិត ហើយនិង ដើម្បីបន្ត មរតក នេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេសចរណ៍ ចំនួន៣ខេត្ត ពោលគឺ ខេត្ត កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ឯកឧត្តម ខ្វៃ អាទិត្យាបានថ្លែងថា៖ប្រជាសហគមន៍មានថ្នាលបណ្តុះកូនឈើ ហើយបានចូលរួមបណ្តុះកូនឈើ នៅតាមសហគមន៍ គាត់យកទៅដាំស្តារព្រៃសហគមន៍ របស់គាត់។ទាំងនេះជាការបណ្តុះគំនិត ឱ្យគាត់ស្រឡាញ់ដើមឈើ កូនចៅគាត់ស្រឡាញ់ដើមឈើ។ម្ល៉ោះហើយគាត់អាច គេចចេញពីអ្វីដែលគាត់ធ្លាប់តែប្រកបមុខរបរ បរបាញ់ និងប្រព្រឹត្តិបទល្មើសព្រៃឈើ មកចូលរួមអភិរក្សវិញ។ក្រៅពីនេះតាមរយៈការដាំកូនឈើ និងដាំដើមឈើហូបផ្លែនេះគាត់អាចដកហូតអនុផលព្រៃឈើ និង បានផ្លែឈើហូបផ្លែសម្រាប់លក់ និងបរិភោគក្នុងក្រុមគ្រួសារទៀតផង។

ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថា ការបង្កើតថ្នាលបណ្តុះកូណឈើឡើងដោយពលរដ្ឋសហគមន៍ ស្ថិតនៅក្នុងភូមិស្លែង ឃុំ ទួលខ្ពស់ ស្រុក ទឹកផុស ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនេះគឺបានចូលរួមចំណែក ក្នុងចលនាពន្លកបៃតង បង្កើនគម្របព្រៃឱ្យបានច្រើន ដើម្បីសម្រេចឱ្យបាននូវទិសដៅប្រែក្លាយប្រទេសកម្ពុជាអព្យាក្រឹតកាបូន។
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា៖ ក្រសួងកំពុងជំរុញក៏ដូចជាបង្កើតគោលដៅលំហែបៃតងគាត់អាចរកចំណូលតាមរយៈទេសចរធម្មជាតិដែលអ្នកទេសចរកំពុងបានទទូលការចាប់អារម្មណ៍ក្នុងនេះដូចជាទស្សនា ទឹកធ្លាក់ ផ្កាព្រៃ សត្វព្រៃជាដើម។សម្រាប់គោលដៅទៅថ្ងៃអនាគតក្រសួងនឹងបន្តជំរុញប្រជាសហគមន៍ចូលរួមជាមួយមន្រ្តីឧទ្យានុរក្សក្នុងការចូលរួមក្នុងការបណ្តុះ និងដាំកូនឈើឱ្យបានច្រើន និងក្រសួងផ្តល់ជាមធ្យោបាយផ្សេងៗដោយកន្លងមកនេះក្រសួងបានផ្តល់ដ្រូន ដើម្បីគ្រប់គ្រងធនធានធម្មជាតិបន្ថែមលើការដើរល្បាត។ក្រៅពីនេះក៏បានផ្តល់ផែនទីលើក្រដាស និងក៏ដូចជាផ្តល់ផែនទីលើផ្កាយរណបដើម្បីផ្ទៀងផ្ទាត់ឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសិទ្ធភាពបន្ថែមទៀត។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ”កន្លងមកនេះយើងបានបណ្តុះ និង ចែក ក្នុងឆ្នាំ២០២៤កន្លងមក មានចំនួន ១លាន៣សែនដើម រួចមកហើយ។ដោយឡែកសម្រាប់ក្នុងឆ្នាំ២០២៥នេះ ក្រសួងគ្រោងនឹងចែកកូនឈើ និង កូនត្នោតចំនួន៣លានដើមដល់សាធារណៈជនយកទៅដាំតាមទីសាធារណៈ តាមសាលារៀន និងពិសេសដាំស្តារព្រៃតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនគម្របបៃតង និងធ្វើឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ឆ្នាំ ២០៥០”។
លោក ធុច ធីម ប្រធានសហគមន៍ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិស្លែង នៃដែនជំរកសត្វព្រៃ(ភ្នំព្រៃឱរ៉ាល់)ក្នុងភូមិសាស្រ្ត ឃុំទួលខ្ពស់ ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាថ្នាលបណ្តុះកូនឈើនេះខាងគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិហៅកាត់ថាស៊ីស្លឹប (គម្រោង CSLEP)បានជំនួយឧបត្ថម្ភដើម្បីបណ្តុះកូនឈើ និងដាំដុះឡើងវិញ ដោយសារមើលឃើញថាតំបន់នេះមានសភាពរិចរិលមួយចំនួន ។គម្រោងនេះជួយធ្វើថ្នាលបណ្តុះកូនឈើ ដើម្បីបណ្តុះកូនឈើសម្រាប់ធ្វើការដាំដើមឈើឱ្យមានភាពស្រស់បំព្រង និងប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។

លោកបានបញ្ជាក់ថា តាមគម្រោងក្នុងឆ្នាំ២០២៥នេះគឺដាំឱ្យបាន ១៥០ហិកតា ហើយកូនឈើដែលនៅសល់នឹងចែកជូន តាមសាលារៀន វត្តអារាម ទីសាធារណៈ ។ សម្រាប់ប្រជាសហគមន៍ដែលកាលពីមុនធ្លាប់តែកាប់ដើមឈើ បរបាញ់សត្វ តែបច្ចុប្បន្ន មិនត្រឹមតែចូលរួមបណ្តុះកូនឈើ និងដាំកូនឈើទេ នៅចូលរួមអភិរក្សសត្វព្រៃ ថែរក្សាព្រៃឈើដែលប្រៀបធៀបគឺខុសពីមុនឆ្ងាយណាស់ ហើយជីវភាពក៏ល្អប្រសើរផងដែរតាមរយៈទទួលប្រាក់កម្រៃតាមរយៈបណ្តុះកូនឈើ និងបម្រើលើវិស័យទេសចរណ៍ដែលអាចរកប្រាក់ចំណូលស្ទើររៀងរាល់ថ្ងៃ៕





ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែមបូរិន